(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់លោក ជាន ចិន អនុប្រធាននាយកដ្ឋានធនធានមនុស្ស និងសន្តិសុខសង្គម នៅទីក្រុងណានជីង ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិនថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលមានតាំងពីជំនាន់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបន្តដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញវិនិយោគចិននៅកម្ពុជាកាន់តែច្រើន រួមជាមួយការអភិវឌ្ឍធនធានមនុស្សផងដែរ។
ការលើកឡើងនេះ ក្នុងឱកាសលោករដ្ឋមន្រ្តី អ៉ិត សំហេង និងគណៈប្រតិភូកម្ពុជា ចូលជួបពិភាក្សាការងារជាមួយលោក ជាន ចិន នៅទីក្រុងណានជីង ខេត្តជាំងស៊ូ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ភាគីមិត្តចិនបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកម្ពុជា និងបានជម្រាបជូនគណៈប្រតិភូថា ខេត្តជាំងស៊ូ ជាខេត្តមួយឈានមុខគេក្នុងប្រទេសចិន ដែលមានបុគ្គលិក និងកម្មករច្រើន ដូចនេះ នាយកដ្ឋានលោកមានភារកិច្ចសំខាន់ៗជាច្រើន ផ្តោតលើការការពារផលប្រយោជន៍កម្មករ និងផ្តល់ការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេសដល់កម្មករ ដោយផ្តោតលើយន្តការមួយចំនួន រួមមាន៖ ការធ្វើកិច្ចសន្យាការងារ ការជំរុញកិច្ចសហការជាមួយសហជីព ដើម្បីមានទំនាក់ទំនងវិជ្ជាជីវៈ ប្រកបដោយនិរន្តរភាព ការផ្សព្វផ្សាយនូវសហគ្រាសដែលមានស្នាដៃល្អ ដើម្បីបង្កើតបរិយាយកាស ទំនាក់ទំនងល្អពីគ្រប់ភាគីនៅតាមគ្រប់ទីកន្លែង ការធ្វើអធិការកិច្ចការងារ និងការដោះស្រាយវិវាទការងារ នៅពេលទទួលពាក្យបណ្តឹងទាក់ទងនឹងប្រាក់ឈ្នួល ឬលក្ខខណ្ឌការងារផ្សេងៗទៅតាមដំណាក់កាល មុនពេលបញ្ជូនទៅតុលាការ។
ទន្ទឹមនោះ ចិនបានយកចិត្តទុកដាក់បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបបានទៅតាមតម្រូវការទីផ្សាការងារ ដោយសហការជាមួយវិទ្យាស្ថាននានា ជ្រើសរើសសិស្សឱ្យចូលរៀននូវមុខជំនាញបច្ចេកទេស សហការជាមួយផ្នែកឯកជនផ្តល់ការបណ្តុះបណ្តាលមុខជំនាញបច្ចេកទេស រយៈពេលខ្លី ដើម្បីរកការងារធ្វើបានលឿន និងសហការជាមួយផ្នែកឧស្សាហកម្មផ្ទាល់ ដើម្បីផ្តល់ការបណ្តុះបណ្តាលនៅនឹងកន្លែងធ្វើការ។
លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបង្ហាញពីចំណងមិត្តភាពរវាងប្រទេសកម្ពុជា-ចិន ដែលមានតាំងពីជំនាន់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ហើយបានបន្តដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រហូតដល់សព្វថ្ងៃកាន់តែជិតស្និទ្ធថែមទៀត ដែលនេះជាទំនាក់ទំនងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សម្រាប់ប្រទេសទាំងពីរ។
លោកបន្តថា ទំនាក់ទំនងនេះហើយ ដែលបានជំរុញឱ្យអ្នកវិនិយោគចិន បានទៅវិនិយោគកាន់តែច្រើនឡើងនៅកម្ពុជា រួមជាមួយនឹងការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនចិននៅខេត្តជាំងស៊ូ បានទៅវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចនៅខេត្តព្រះសីហនុ ដែលបច្ចុប្បន្នមានរោងចក្រជាង១០០ និងកម្មករជិត២ម៉ឺននាក់ និងបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមិត្តភាពកម្ពុជា-ចិន ដែលកំពុងតែសាងសង់ជិតរួចរាល់នៅពេលខាងមុខ។
ចំពោះវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តួនាទី និងភារកិច្ចនៃស្ថាប័នទាំងពីរ មានសកម្មភាពប្រហាក់ប្រហែលគ្នា គឺធ្វើយ៉ាងណាការពារផលប្រយោជន៍កម្មករ ពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ តាមរយៈការធ្វើអធិការកិច្ចការដោះស្រាយវិវាទ ស្របតាមច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព។
ទន្ទឹមនោះ បានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងារ ដើម្បីប្រែក្លាយទៅជាឧស្សាហកម្មដែលមានជំនាញខ្ពស់ និងប្រាក់ឈ្នួលខ្ពស់ ស្របតាមផែនការសកម្មភាពជាតិស្តីពីការអបរំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ ដែលរាជរដ្ឋាភិបាលទើបអនុម័ត នាពេលថ្មីៗនេះ។
លោករដ្ឋមន្រ្តី ក៏បានអញ្ជើញថ្នាក់ដឹកនាំ និងគណៈប្រតិភូនាយកដ្ឋានធនធានមនុស្ស និងសន្តិសុខសង្គម នៅទីក្រុងណានជីង ខេត្តជាំងស៊ូ មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបានផ្លាស់ប្តូរនូវបទពិសោធន៍ និងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធថែមទៀត៕