(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលពេលនេះក្លាយទៅជាអ្នកនិយាយព័ត៌មានបែបឧទ្ទាម នៅឯនាយសមុទ្រនោះ គឺដោយសារតែចាញ់សម្បថរបស់ខ្លួនឯងចំនួន៣លើកធំៗ។
ការលើកឡើងរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានរត់គេចមិនអនុវត្តទោសតាមច្បាប់ទៅក្រៅប្រទេសនោះ បានចេញនូវវីដេអូថ្មីមួយទៀត នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ដោយផ្សព្វផ្សាយលាបពណ៌លើគណបក្សប្រជាជនកម្ពុជាថា ជាគណបក្សដែលបង្កើតឡើងដោយវៀតណាមសុទ្ធសាធ ហើយធ្វើអ្វីតាមការបង្គាប់របស់វៀតណាម។
លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ក្រោយការបោះឆ្នោតសកលឆ្នាំ២០១៣ លោក សម រង្សុី មិនបានចូលរួមស្បថ នៅព្រះរាជវាំងតាមការកំណត់របស់រដ្ឋធម្មនុញជាច្បាប់កំពូលប្រទេសនោះទេ ប៉ុន្តែបែរជានាំសមាជិកសភាជាប់ឆ្នោត៥៥រូប ទៅស្បថនៅប្រាសាទអង្គរថា មិនចូលប្រជុំរដ្ឋសភាដាច់ខាត ក្នុងគោលបំណងកុហកប្រជាជនអ្នកគាំទ្រ និងអន្តរជាតិ ដែលបានវិនិយោគខុសគោលបំណងវិនិយោគរបស់ម្ចាស់ឆ្នោត។ មិនត្រឹមតែកុហកថាមិនចូលប្រជុំសភាទេ លោក សម រង្សុី នៅឆ្លៀតកុហកយកលុយ អ្នកតំណាងរាស្ត្របំរុងខ្លួនចំនួនប្រាំបីរូបទៀត ថាខ្លួនឈ្នះការបោះឆ្នោតចំនួន ៦៣អាសនៈ ដូច្នេះអ្នកទាំងប្រាំបីរូបក៏បានវិនិយោគទាំងថវិការ និងបង់ចិត្តបន្ថែមទៀត។ ប៉ុន្តែនៅពេលចុងក្រោយ មានតែ លោក សម រង្សុី បានទទួលការលេីកលែងទោសពីព្រះមហាក្សត្រតាមសំណេី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្របតាមច្បាប់ និងបានដេីរចូលស្បថនៅក្នុងរដ្ឋសភាតែម្នាក់ឯងគត់ ក្រោមការបោះឆ្នោតទុកចិត្តពីសមាជិកសភាគណបក្សប្រជាជនកម្ពុជា។
លោក សួស យ៉ារ៉ា បានបន្តថា «តួឯក សម រង្សុី បានទទួលបុណ្យបារមីមួួយរយៈវែងបង្គួរទាំងឋានៈ សមាជិករដ្ឋសភា ប្រធានក្រុមសភាភាគតិចឋានៈស្មេីនាយករដ្ឋមន្ត្រី។ ដូច្នេះតេីលោក សម រង្សុី ខុសសម្បថអ្វីទេីបបានជានាំខ្លួនលោកអោយរត់ចោលស្រុកដោយកំសាក និងបានលាទាំងតំណែងប្រធានបក្សសង្គ្រោះជាតិ ដែលទេីបបង្កេីតក្រោមសម្ព័ន្ធភាពចាប់បង្ខំតាមមនោគមន៍វិជ្ជាបរទេស មួយដែលសម្បូរដោយគំនុំ និងការមិនទុកចិត្តទាំងក្នុងទាំងក្រៅ?»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងបន្តទៀតថា «ក្នុងនាមអ្នកតំណាងរាស្ត្រនៃខេត្តឧត្តរប្រទេសដែលជឿទៅលេីបុណ្យបារមីរបស់ប្រទេស ខ្ញុំកត់សំគាល់ឃេីញកំហុសចាញ់សម្បថបីយ៉ាងរបស់ លោក សម រង្សុី ដែលធ្វេីអោយខ្លួនគាត់មិនអាចធ្វេីខ្លួនជាអ្នកនយោបាយត្រឹមត្រូវក្នុងការប្រកួតប្រជែងទស្សនៈវិជ្ជានយោបាយប្រជាធិបតេយ្យនៅកម្ពុជាបានឡេីយ»។
ការចាញ់សម្បថទាំង៣នោះ រួមមាន៖
១- ចាញ់សម្បថក្រោមបារមីស្វេតឆ័ត្រ ត្រូវស្មោះនឹងរដ្ឋធម្មនុញ ព្រះមហាក្សត្រ និងប្រជាជន។ លោក សម រង្សុី បដិសេធការអញ្ជេីញរបស់ព្រះរាជាមិនចូលស្បថតំណាងរាស្ត្រនៅព្រះបរមរាជវាំង ហេីយបង្កការញុះញុង់ហឹង្សារហូតបាត់បង់ជីវិតប្រជាជនស្លូតត្រង់។
២- ចាញ់សម្បថខ្លួនឯង ដែលថាមិនបន្តធ្វេីនយោបាយទៀតទេពេលខ្លួនអាយុ ៦៥ឆ្នាំ តាមរយៈសៀវភៅនិពន្ធដោយខ្លួនឯងឆ្នាំ២០១៣ ដែលថាខ្ញុំមិនមែនជាអ្នកបង្កាត់ភ្លេីង។ ដូច្នេះទីបំផុតលោក សម រង្សុី ក្លាយជាទណ្ឌិតរត់ចោលស្រុក និងបន្តស្រែកថានឹងធ្វេីជានាយករដ្ឋមន្ត្រីឧទ្ទាមឯនាយសមុទ្រព្រោះគ្មានគណបក្សជាបង្អែកទៀតទេ។ ដូច្នេះការចោទប្រកាន់លេីប្រវត្តិនៃការករកេីតរបស់គណបក្សប្រជាជនកម្ពុជា គឺគ្រាន់តែជាលេសបិទបាំង ជីវប្រវត្តិផ្ទាល់ខ្លួនដែលមានឪពុកជាប់ងារជាជនក្បត់ជាតិ ហេីយជាពិសេសគឺកុហកប្រជាជនលេីភាពពិតប្រាកដនៃពាក្យសង្គ្រោះជាតិ ដែលខ្លួននិងបក្ខពួកបានលួចយកសមទ្ធិផលសង្គ្រោះជាតិពីគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតេជោ សែន ជាស្ថាបនិកបឋមជាមួយយុទ្ធមិត្តបួនរូបបង្កេីតបានកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជានាខែមិថុនា ឆ្នាំ ១៩៧៧ ហេីយក្រោយមកក្លាយជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពជានាថ្ងៃ ០២ ធ្នូ ឆ្នាំ ១៩៧៨។
៣- ចាញ់សម្បថមហាសង្ក្រាន្តក្រុងអង្គរដែលថានឹងធ្វេី ជាដៃគូសន្ទនាដ៏ល្អប្រសេីរជាមួយសម្តេចតេជោ ហ៊ុន សែន ដេីម្បីដឹកនាំប្រទេសអោយមានសន្តិភាព និងវឌ្ឍនភាពតទៅ។ ទំនាយបុគ្គលរបស់គាត់បានក្លាយទៅជា ទណ្ឌិកដោយឈរលេីកំហុសខ្វះការយល់ ដឹងអំពីប្រវត្តិសាស្ត្រ វប្បធម៌ដឹកនាំបែបខ្មែរ បានធ្វេីអោយទណ្ដិក សម រង្សីអស់ផ្លូវដេីរ។
លោកថ្លែងថា ដូច្នេះទណ្ឌឹត សម រង្សុី នៅសល់តែផ្លូវមួយគត់ ដេីម្បីចិញ្ចឹមជីវិតនយោបាយគឺ ធ្វេីជាបុគ្គលិកផលិតកម្មផ្ទាល់ខ្លួនបម្រេីអោយវិទ្យុ និងបណ្តាញផ្សព្វផ្សាយបែបឧទ្ទាមជ្រុលនិយម ឯនាយសមុទ្រ សំដៅបង្ករអស្ថិរភាព សង្គម និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន។
លោក សួស យ៉ារ៉ា បានបញ្ជាក់ទៀតថា៖ «ជាសរុបមកម្ចាស់ពិតប្រាកដនៃវាសនាប្រទេសជាតិត្រូវតែស្ថិតនៅជាមួយបារមីនៃស្ថាបនិកសន្តិភាព និងស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាស្នូលដ៍សំខាន់នៃការបន្តបេសកម្មការពារសន្តិភាព និងបន្តសង្គ្រាមប្រឆាំងភាពក្រីក្ររបស់ប្រជាជន»៕