(ព្រះសីហនុ)៖ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាប់ឃាត់ខ្លួនឈ្មោះ ឆាយ រដ្ឋ ចៅសង្កាត់រងទី២ នៃសាលាសង្កាត់លេខ១ ក្រុងព្រះសីហនុ មកពីគណបក្ស សម រង្ស៊ី បញ្ជូនទៅពន្ធនាគារភ្លាមៗ បន្ទាប់ពីបុរសរូបនេះខកខានចូលខ្លួនតាមដីការបស់សាលាដំបូងខេត្តព្រះសីហនុ។
លោក ឆាយ រដ្ឋ ត្រូវបាននគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ។
យោងតាមដីកាបង្កាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តព្រះសីហនុ ដែលចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ ប្លុង វិសាល បានឲ្យដឹងថា លោក ឆាយ រដ្ឋ ដែលមានទីលំនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានតម្រុយពិរុទ្ធភាព ពាក់ព័ន្ធការចោទប្រកាន់ពីបទញុះញុងឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ប្រព្រឹត្តនៅចំណុចក្រុមទី១៨ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ លោក ឆាយ រដ្ឋ ត្រូវបានផ្តន្ទាទោសតាមមាត្រា ៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌ ដែលអាចផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ ៤លានរៀល។
លោក ឆាយ រដ្ឋ ត្រូវបានគេដឹងថា កន្លងមកធ្លាប់បានញុះញង់ប្រជាពលរដ្ឋឲ្យចូលទៅកាប់បំផ្លាញដើមអាកាស្យារបស់រដ្ឋ ដែលបានដាំកន្លងមក ដើម្បីយកដីទៅលក់នៅតំបន់ក្បាលឆាយ។ ដីតំបន់នេះ ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យរក្សាទុកទឹកសាបសម្រាប់ឲ្យប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ រួមទាំងភ្ញៀវទេសចរយកទៅប្រើប្រាស់ និងចិញ្ចឹមជីវិត។
ដោយមានការណែនាំពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំគណបក្សរបស់គាត់ផ្ទាល់ជាច្រើនលើកជាច្រើនសារ ក៏ជននេះមិនព្រមបញ្ឈប់សកម្មភាពខ្លួនដដែល រហូតដល់រដ្ឋបាលព្រៃឈើខេត្តព្រះសីហនុ លែងយោគយល់ និងឈានដល់ ការប្តឹងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីឲ្យជននេះទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនតែម្តង។
គួរបញ្ជាក់ថា លោក ឆាយ រដ្ឋ ត្រូវបានគណបក្សសង្គ្រោះជាតិខេត្តព្រះសីហនុ ដកចេញពីបេក្ខភាពចៅសង្កាត់ សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ផងដែរ ព្រោះតែដឹងថា ជននេះបានប្រព្រឹត្តទោសប្រឈមជាមួយការជាប់ពន្ធនាគារ៕