(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ឈើគ្រញូងប្រមាណ ១២០ដុំ មានទម្ងន់ប្រមាណ ២,២៤៨គីឡូក្រាម ត្រូវបានមន្ត្រីយោធាវរៈការពារព្រំដែនលេខ៥០១ នៃយោធភូមិភាគ៥ ក្នុងខេត្តពោធិ៍សាត់ រួមនិងអាជ្ញាធរក្នុងតំបន់ផងធ្វើពិធីដុតកម្ទេចចោលទាំងទឹកមុខរីករាយ បន្ទាប់ពីបង្រ្កាបបានពីក្រុមឈ្មួញ។
ពិធីដុតបំផ្លាញឈើគ្រញូងនេះ ត្រូវបានធ្វើឡើងនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំពីលោក ព្រំ ង៉ុន មេឃុំថ្មដា និងក្រុមមន្ដ្រីយោធាវរៈព្រំដែនលេខ៥០១ ដោយមានការឯកភាពពីមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងអភិបាលខេត្តផងដែរ។
ក្រុមអ្នកដឹងហាងឆេងឈើគ្រញូង បានឲ្យដឹងថា ឈើគ្រញូង ១គីឡូក្រាមតម្លៃប្រមាណ ២០ដុល្លារ ដូច្នេះឈើទម្ងន់ ២,២៤៨គីឡូក្រាម គឺមានតម្លៃជាង ៤ម៉ឺនដុល្លារអាមេរិក។ ដូច្នេះប្រសិនបើឈើគ្រញូង ដែលជាឈើមានតម្លៃ និងមានហាងឆេងនាពេលបច្ចុប្បន្នត្រូវយកប្រគល់ជូនរដ្ឋបាលព្រៃឈើយកទៅដាក់ដេញថ្លៃលក់ឲ្យក្រុមអ្នកកែច្នៃ ក៏ប្រហែលជាទទួលបានថវិកាមួយចំនួនសម្រាប់ការចំណាយផ្សេងៗរបស់រដ្ឋផងដែរ។ យ៉ាងហោចណាស់ ថវិកានេះ អាចចូលរួមចំណែកចំណាយការសាងសង់សាលាឃុំនៅក្នុងស្រុកវាលវែងបានផងដែរ។
គេមិនដឹងថា មានមូលហេតុអ្វីទើបមន្រ្តីយោធា និងអាជ្ញាធរក្នុងខេត្តពោធិ៍សាត់សម្រេចដុតឈើកំពុងមានហាងឆេងនៅកម្ពុជាចោលបែបនេះ? តែការដុតចោលនេះ អាចក្រុមមន្រ្តីយោធាដែលជាអ្នកចាំឈើបានខ្លាចថា ពេលប្រគល់ឲ្យមន្រ្តីរដ្ឋបាលព្រៃឈើត្រូវមន្រ្តីរដ្ឋបាលព្រៃឈើលួចលក់ឲ្យឈ្មួញយកលុយដាក់ហោប៉ៅហើយ ទើបពួកគាត់សម្រេចដុតចោល។
តែទោះជាយ៉ាងណាការសម្រេចយកឈើ ដែលមានតម្លៃ និងកម្រនៅក្នុងស្រុកខ្មែរយកទៅដុតចោលបែបនេះ វាធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការសោកស្តាយខ្លាំងណាស់។ ការសម្រេចចិត្តរបស់មន្រ្តីបែបនេះ មិនខុសពីមានពេជ្រមិនចេះច្នៃ ឬមានអង្ករខ្វះឆ្នាំងនោះឡើយ។
គេសង្ឃឹមថា មន្រ្តីដែលជាអ្នកបង្រ្កាបបទល្មើសព្រៃឈើ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ នឹងមិនបង្កើតឲ្យមានរឿងសោកស្តាយបែបនេះកើតមាននាពេលក្រោយទៀតនោះឡើយ។ ប្រសិនបើចាប់ឈើបានហើយពិបាកច្នៃ និងមិនចេះចាត់ចែងបែបនេះ ទុកឲ្យប្រជាពលរដ្ឋដឹកយកទៅលក់ឲ្យឈ្មួញទៅ ព្រោះយ៉ាងហោចណាស់ពលរដ្ឋដែលទឹកទៅលក់នោះ អាចយកលុយនោះសម្រាប់ផ្គត់ផ្គង់ជីវិតគាត់ និងក្រុមគ្រួសារដែរ៕