(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើយ៉ាងទទូចឲ្យម្ចាស់អាជីវកម្មទេសចណ៍ ម្ចាស់រមណីយដ្ឋាន និងអ្នកពាក់ព័ន្ធដទៃទៀត ត្រូវបម្រើសេវាកម្មប្រកបដោយគុណភាព ឲ្យបានពេញចិត្តជូនភ្ញៀវទេសចរ ព្រោះទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ ពួកគាត់មានលុយទិញសេវាពីម្ចាស់អាជីវកម្ម ដូចនេះម្ចាស់អាជីវកម្មត្រូវមានកាតព្វកិច្ចផ្តល់នូវសេវាកម្ម ប្រកបដោយគុណភាព និងការពេញចិត្តជូនភ្ញៀវទេសចរ ពោលគឺកុំគិតតែយកលុយ ហើយមិនអភិវឌ្ឍន៍ មិនយកចិត្តទុកដាក់ពីគុណភាពសេវា អនាម័យ បន្ទប់ទឹក សណ្តាប់ធ្នាប់ ចំណតយានយន្តជាដើម។
លោករដ្ឋមន្រ្តីណែនាំយ៉ាងដូច្នេះ នាឱកាសផ្សព្វផ្សាយការរៀបចំពិព័រណ៍ទេសចរណ៍កម្ពុជា (Cambodia Travel Mart -CTM) លើកទី១ នៅសណ្ឋាគារណាហ្គាវើល នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ពោលនៅចំពោះមុខតំណាងក្រុមហ៊ុន ម្ចាស់អាជីវកម្មទេសចរណ៍ ក៏ដូចជាមន្រ្តីពាក់ព័ន្ធនឹងវិស័យទេសចរណ៍រាប់រយនាក់ ក្នុងគោលបំណងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ អបអរសាទរព្រឹត្តការណ៍ទេសចរណ៍ដ៏ធំនេះ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ភ្ញៀវទេសចរមានលុយដើរកម្សាន្ត និងមានលុយចាយគ្រប់គ្រាន់ ដើម្បីទិញសេវាពីប្រតិបត្តិករទេសចរណ៍ សុំឲ្យតែប្រតិបត្តិករទេចរណ៍ផ្តល់នូវសេវាកម្ម ប្រកបដោយគុណភាពជាទីពេញចិត្ត និងកក់ក្តៅប៉ុណ្ណោះ។ តើយើងអាចធ្វើបានទេ? វាជារឿងគួរឲ្យខ្មាសអៀនមួយ ប្រសិនប្រតិបត្តិករយើងមិនអាចឆ្លើយតបបាន»។
លោក ថោង ខុន បានលើកឡើងផងដែរថា ភ្ញៀវអន្តរជាតិបានកោតសរសើរថា ប្រទេសកម្ពុជាមានសុខសន្តិភាពល្អ មានទេសភាពស្រស់បំព្រង ធម្មជាតិខៀវស្រងាត់ អាកាសធាតុអំណោយផល ខ្យល់អាកាសបរិសុទ្ធ តំបន់ទេសចរណ៍សម្បូរបែប តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត គួរឲ្យចង់ទស្សនាកម្សាន្ត តែពួកគាត់ក៏ចាប់អារម្មណ៍ផងដែរ ចំពោះបញ្ហាសំរាម អនាម័យនៅតាមទីក្រុង ទីប្រជុំជន និងតំបន់ទេសចរណ៍មួយចំនួនផងដែរ។
លោករដ្ឋមន្ត្រីបានរឭកដាស់តឿនថា ភាពស្អាត និងបៃតង គឺជាភាពទាក់ទាញសំខាន់ណាស់ សម្រាប់គោលដៅទេសចរណ៍ ដែលបច្ចុប្បន្ន គ្រប់ប្រទេសកំពុងមានការយកចិត្តទុកដាក់ខ្លាំងណាស់ ពិសេសប្រទេសដែលជាគោលដៅទេសចរណ៍។
លោករដ្ឋមន្ត្រីក៏បានរំឭកឲ្យគ្រប់ផ្នែកពាក់ព័ន្ធសាធារណៈ ឯកជន ប្រជាពលរដ្ឋ ត្រូវពង្រឹង និងបង្កើនផ្នែកបដិសណ្ឋារកិច្ចឲ្យបានល្អ ចំពោះភ្ញៀវទេសចរ ដោយចាត់ទុកការងារបដិសណ្ឋារកិច្ច ជារបៀបវារៈរបស់ជាតិមួយ។
លោករដ្ឋមន្ត្រីបានអំពាវនាវឲ្យគ្រប់ផ្នែកពាក់ព័ន្ធ ក្នុងឧស្សាហកម្មទេសចណ៍ទាំងអស់ ទាំងផ្នែកសាធារណៈ និងឯកជន ត្រូវចូលរួមប្រឡងប្រណាំងអបអរសារទរព្រឹត្តិការណ៍នេះ ពិសេសផ្នែកសហគមន៍អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចណ៍ជនបទ និងរមណីយដ្ឋានទេសចរណ៍។
សូមជម្រាបថា នៅខែវិច្ឆិកា ឆ្នាំ២០១៧ នឹងមានការប្រកាសលទ្ធផលប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍ ដែលរមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវតែមានស្ដង់ដារប្រកបដោយភាពទាក់ទាញ ពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ដល់បញ្ហាអនាម័យ សណ្តាប់ធ្នាប់ និងគុណភាពសេវា ហើយត្រូវខិតខំធ្វើយ៉ាងណាឲ្យមានផលិតផលថ្មីៗ ប្រកបដោយភាពទាក់ទាញ និងរៀបចំឲ្យមានព្រឹត្តិការណ៍ទេសចរណ៍ប្លែកៗបន្ថែមទៀត ក្នុងព្រឹត្តិការណ៍នេះ៕