(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នៅល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍ ដោយសោកស្ដាយយ៉ាងខ្លាំង ចំពោះការវាយតម្លៃខុសពីការពិត ដែលធ្វើឲ្យសាធារណជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់ថា «គ.ជ.ប មានការសោកស្ដាយជាខ្លាំងចំពោះការវាយតម្លៃ ដែលគ្មានប្រព្រឹត្តការណ៍ជាក់ស្ដែង មកឆ្លុះបញ្ជាំងការពិត ទៅលើទិដ្ឋភាពបច្ចេកទេស ដែលបានបទប្បញ្ញាតិនៅក្នុងច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ដែលអាចធ្វើឲ្យសាធារណៈជនមានការយល់ច្រឡំ លើដំណើរការ និងលទ្ធផលនៃការបោះឆ្នោត»។
សេចក្ដីថ្លែងការណ៍ដដែលនេះ បានបញ្ជាក់ទៀតថា គ.ជ.ប ក៏ដូចជាមតិជាតិ និងអន្ដរជាតិបានយល់ឃើញថា គ្មានការបោះឆ្នោតណាមួយដែលរៀបចំឡើង បានល្អឥតខ្ចោះ១០០%នោះទេ ទោះបីនៅក្នុងប្រទេសអភិវឌ្ឍន៍ ឬអារ្យប្រទេសក៏ដោយ។ ចំណុចខ្វះខាតតិចតួចដែលនៅសេសសល់ តាមរយៈបទពិសោធន៍នៃការបោះឆ្នោតនេះ គ.ជ.ប រួមជាមួយជំនាញការអន្ដរជាតិ កំពុងបំពេញការងារ នៅទីស្ដីការគ.ជ.ប នឹងរួមគ្នាធ្វើការដោះស្រាយ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ការបោះឆ្នោតលើកក្រោយ។
បើតាម គ.ជ.ប ចំនួន៩០.៣៧ភាគរយ បានចេញទៅបោះឆ្នោតប្រកបដោយទឹកមុខរីករាយ គ្មានការបំផិតបំភ័យនិងគ្មានការភ័យខ្លាច។
សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្ដីថ្លែងការណ៍របស់គ.ជ.ប ខាងក្រោមនេះ៖