(កំពង់ធំ)៖ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ លោក សុខ លូ និងឧត្តមសេនីយ៍ឯកទោ ពៅ ហេង មេបញ្ជាការរង និងជានាយសេនាធិការ នៃទីបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន យុទ្ធវិធីយុទ្ធដំណើរ ទ័ពបាញ់ស៊ីបគ្រាប់ពិតដល់នាយទាហាន នាយទាហានរងពលទាហាន នៅបញ្ជាការដ្ឋានវរសេនាតូចថ្មើរជើងលេខ១ នៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដោយមានការចូលរួមពី ប្រធានអង្គភាពមន្ត្រីរាជការ ជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធជាង៤០០នាក់ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ។
លោក សុខ លូ បានស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះបងប្អូនយុទ្ធជនដែលបានខិតខំបំពេញបេសកកម្មបម្រើជាតិមាតុភូមិ ប្រកបដោយជោគជ័យត្រចះត្រចង់ ចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសុខសន្តិភាព។ ខិតខំធ្វើការទំនាក់ទំនង ជាមួយប្រទេសជិតខាងក្នុងការគៀងគររកថវិកា និងសម្ភារសម្រាប់ បំប៉នសមត្ថភាព ដល់យុទ្ធជនយើង ឬសម្រាប់កសាងហេរដ្ឋាសម្ព័ន្ធផ្សេងៗទៀត ហើយកងកម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាព បន្ថែមដើម្បីឲ្យក្លាយជាឧបករណ៍ ដ៏រឹងមាំក្នុងការចូលរួមថែរក្សាការពារសន្តិសុខសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ហើយប្រឆាំងដាច់ខាតចំពោះក្រុម ដែលចេតនាប្រឆាំងមកលើរាជរដ្ឋាភិបាល។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងដាស់តឿនដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីជួយបង្កាគ្រោះធម្មជាតិ ក្នុងការជួយដល់ប្រជាពលរដ្ឋ ត្រូវសហការគ្នាជាមួយកងកម្លាំងដទៃទៀត ក្នុងការបង្ក្រាបគ្រឿងញៀន ហើយនាយទាហាន និងពលទាហាន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន បើពិនិត្យឃើញថា មានផ្ទុកសារធាតុញៀនត្រូវបណ្តេញចេញពីអង្គភាពជាបន្ទាន់ ត្រូវគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដោយចេះយោគយល់អាធ្យាស្រ័យ ក្នុងពេលបើកបរត្រូវសហការផ្ទៃក្នុង របស់អង្គភាពឲ្យបានល្អចៀសវាង ការប្រកាន់បក្ខពួក នាំឲ្យបាត់បង់តម្លៃជាកងកម្លាំង និងខូចដល់កិត្តិយសដល់ថ្នាក់ដឹកនាំ។
លោកឧត្តមសេនីយ៍ ពៅ ហេង បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រតាមក្បួនយុទ្ធសាស្ត្រដោយស៊ូបង្ហូរ ញើសលើទីលានហ្វឹកហាត់ កាត់បន្ថយការបង្ហូរឈាមលើសមរភូមិប្រយុទ្ធ ត្រូវស្មោះត្រង់ចំពោះជាតិ មាតុភូមិ មានមនសិការស្នេហាជាតិការពារ ឲ្យបាននូវរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតចងចាំ និងអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវអនុសាសន៍ទាំង៦ចំណុច របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវចងចាំឲ្យបានច្បាស់នូវ លក្ខណៈសម្បត្តិទាំង៥យ៉ាង របស់នាយទាហានត្រូវគោរពវិន័យ មានភក្តីភាព អាកប្បកិរិយាថ្លៃថ្នូរ សកម្មក្នុងការងារ មានចិត្តក្លាហាន មោះមុត មានការទទួលខុសត្រូវ មានសាមគ្គីភាពល្អ និងស្មោះត្រង់ជានិច្ច ចំពោះថ្នាក់ដឹកនាំត្រូវបន្តខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។
លោកឧត្តមសេនីយ៍ ពៅ ហេង បានបញ្ជាក់ថា ដើម្បីក្លាយជាយោធិនមានសមត្ថភាពខ្ពស់ ត្រូវមានចំណេះដឹងគ្រប់មុខជំនាញ ដើម្បីយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវលើកកម្ពស់ស្មារតី គ្រប់គ្រងថែរក្សាសម្ភារៈបរិក្ខា សព្វាវុធ និងគ្រឿងបំពាក់ឲ្យបានល្អ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋដែលនៅជិតតំបន់ឈរជើងរបស់យើង ត្រូវចូលរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍនៅមូលដ្ឋានជួយសង្គ្រោះប្រជាពលរដ្ឋ ពីគ្រោះមហន្តរាយនានា និងចូលរួមជួយប្រជាពលរដ្ឋក្នុងការបង្កបង្កើនផល ត្រូវចូលរួមក្នុងចលនាប្រឡងប្រណំាងរបស់អង្គភាព និងមួយផ្នែកទៀតរួមចំណែកក្នុងការងារបង្កបង្កើនផលជាលក្ខណៈគ្រួសារ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃឲ្យបានប្រសើរឡើង។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើរបាយការណ៍ដោយអនុវត្តតាមផែនការហ្វឹកហ្វឺន របស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបញ្ជាការដ្ឋានយោភូមិភាគទី៤ ការបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំតាមផែនការបានកំណត់ដែលមាន សន្ទស្សន៍ដាក់ចុះចំនួន១០០នាក់។
ចំនួននេះអង្គភាពបានសម្រេចរៀបចំហ្វឹកហាត់ដល់កំលាំងវរសេនាតូចថ្មើជើងលេខ១ ដើម្បីបំប៉នដល់កម្លាំង លើផ្នែកយុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ បង្កើនមនសិកាស្នេហាជាតិ ពង្រឹងតួនាទី ចូលរួមក្នុងកិច្ចការពាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងមានការបាញ់ស៊ីបគ្រាប់ពិត ប្រភេទអាវុធ B40-B41 និងមានយុទ្ធដំណើរទ័ពក្នុងចម្ងាយផ្លូវ៣២គីឡូម៉ែត្រ នៅពេលបញ្ចប់វគ្គផងដែរ។
លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ការហ្វឹកហ្វឺនរៀនសូត្រនេះមានរយៈពេល៤៥ ថ្ងៃដោយមានការឧបត្ថម្ភគាំទ្រពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវថិវកាចំនួន៣០០០រៀល ក្នុងមួយនាក់សម្រាប់មួយថ្ងៃ និងរួមផ្សំជាមួយរបបហូបប្រចាំថ្ងៃបន្ថែមពីនេះចំណេះដឹង និងសមត្ថភាពទាំងនេះជាការពង្រឹងសមត្ថភាពបន្ថែមដល់យោធិន ឲ្យក្លាយជាឧបករណ៍ដ៏រឹងមាំក្នុងការចូលរួមរក្សាសន្តិសុខសង្គម៕