(កំពង់ឆ្នាំង)៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដឹកនាំក្រុមការងារជូសជុល និងថែទាំផ្លូវ បង្កើនការងារដោយដាក់លូរំដោះទឹក នៅលើកំណាត់ផ្លូវចំនួន៣ខ្សែគឺកំណាត់ផ្លូវជាតិលេខ៥, ផ្លូវលេខ៥៣ និងផ្លូវលេខ១៥៣A។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា សម្រាប់គំរោងថែនាំផ្លូវខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ២០១៧នេះ សម្រេចជួសជុល និងថែទាំលើផ្លូវជាប្រចាំផ្លូវគ្រួសក្រហមចំនួន១០ខ្សែ និងផ្លូវចាក់កៅស៊ូចំនួន៧ខ្សែ។
បច្ចុប្បន្ននេះ ក្រុមការងារជំនាញ បានកំពុងពង្រឹងនិងជួសជុលថែទាំផ្លូវដោយភាពទទួលខុសត្រូវខ្ពស់ ជាក់ស្តែងពេញមួយឆ្នាំ២០១៦កន្លងទៅនេះ មន្ទីរសាធារណការ មានក្រុមការងារចំនួន៦ក្រុម លើផ្លូវជាតិលេខ៥ និងមួយក្រុមលើផ្លូវគ្រួសក្រហម បានសម្រេចកិច្ចការធំៗជាច្រើន ហើយបានបន្តការងារជាប្រចាំដើម្បីថែទាំផ្លូវថ្នល់ ក្នុងក្រុងកំពង់ឆ្នាំងចំនួន៨ខ្សែ ដែលមានប្រវែង១៥គីឡូម៉ែត្រ និង៧៥០ម៉ែត្រ បន្តលុបសំបុកមាន់ និងកាប់ព្រៃតាមចិញ្ចើមផ្លូវ ព្រមទាំងតម្រង់ស្លាកសញ្ញា បង្គោលសុវត្ថិភាព និងត្រួតពិនិត្យស្ពានផ្លូវលើកំណាត់ផ្លូវចំនួន១១ខ្សែ ក្នុងនោះរួមមាន ផ្លូវចាក់កៅស៊ូចំនួន៦ខ្សែ មានផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៣C ផ្លូវលេខ១៥០ ផ្លូវលេខ១៥៣A ផ្លូវលេខ១៥០A និងផ្លូវលេខ១៥៣ ផ្លូវគ្រួសក្រហមចំនួន៥ខ្សែ។
បន្ថែមពីនេះ លោក កែវ ពៅ បានថ្លែងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានបន្តទទួលបានគម្រោថែទាំផ្លូវនាឆ្នាំ២០១៧នេះ ដែលសម្រួលចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរ តាមយាន្តជំនិះគ្រប់ប្រភេទ ហើយមន្ត្រីជំនាញបានតាមដានយ៉ាងដិតដល់ និងត្រួតពិនិត្យជារៀងរាល់ថ្ងៃ៕