(កំពង់ឆ្នាំង)៖ កាលពីចុងសប្ដាហ៏កន្លងទៅ Fresh News បានចេញផ្សាយម្ដងរួចមកហើយ នូវព័ត៌មានស្ដីពី ករណីមន្ត្រីខេត្តកំពង់ឆ្នាំងឃុបឃិតគ្នា ចេញប័ណ្ណកម្មសិទ្ធិដីនៅតំបន់២ នៃបឹងទន្លេសាប ចំនួនជាង៧ហិកតា អោយទៅក្រុមហ៊ុនឯកជនផ្ទុយពីអនុក្រឹត្យលេខ១៨៣ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២0១៦ ដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសំរេចកាត់ដីនៅក្នុងតំបន់២ចំនួន១៧.៥០ហិកតា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១២.៥០ហិកតា និង៥ហិកតាទៀត ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។
ក្រោយការចេញផ្សាយព័ត៌មាននេះរួចមក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ម្សិលមិញនេះ គេឃើញមន្ត្រីអ្នកនាំពាក្យ សាលាខេត្តកំពង់ឆ្នាំង បានចេញសេចក្ដីបញ្ជាក់ព័ត៌មានមួយដោយអះអាងថា ដីនៅតំបន់នោះជាប្រភេទដីលិចទឹក ជាដីស្រែចំការរបស់ប្រជាពលរដ្ឋ ហើយពាក់ព័ន្ធដីទំហំ១៧.៥០ហិកតា ដែលជាតំបន់អភិវឌ្ឍន៏របស់ខេត្ត ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនោះ ដើមឡើយក៏ជាដីស្រែប្រាំង, ស្រែឡើងទឹក និងដីចំការទាំងអស់ដែលត្រូវបានក្រុមហ៊ុន អិល ខេ អិល ទិញពីប្រជាពលរដ្ឋត្រឹមត្រូវដោយគ្មានការរំលោភបំពាននោះឡើយ ហើយក្រុមហ៊ុនក៏ទទួលបានការអនុញ្ញាត ពីក្រសួងមហាផ្ទៃ និងក្រសួងហិរញ្ញវត្ថុអោយ ធ្វើការវិនិយោគផ្សារ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងៗ លើដីឯកជនរបស់ក្រុមហ៊ុនផងដែរ។
ការអះអាងរបស់មន្ត្រីនាំពាក្យសាលាខេត្តខាងលើនេះ ត្រូវបានមន្ត្រីជំនាញដែលដឹងរឿងពីការឃុបឃិតគ្នា យកដីសាធារណៈរបស់រដ្ឋដែលជាដីស្ថិតនៅតំបន់២ នៃបឹងទន្លេសាបមាននៅក្នុងអនុក្រឹត្យ ផ្ដល់ជាកម្មសិទ្ធិដល់ក្រុមហ៊ុន ផ្ទុយពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលនេះ បាននាំគ្នាលើកឡើងថា ចង់ដឹងអាជ្ញាធរខេត្តកំពង់ឆ្នាំងធ្វើត្រឹមត្រូវតាមច្បាប់ឬអត់នោះ ថ្នាក់លើដែលរួមមានស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងមហាផ្ទៃ, ក្រសួងធនធានទឹក និងក្រសួងរៀបចំដែនដី ជាដើម គួរចុះធ្វើការស្រាវជ្រាវដល់ទីកន្លែងសាកមើលទៅ ការផ្ដល់កម្មសិទ្ធិដីនៅតំបន់២អោយក្រុមហ៊ុននោះ តើត្រឹមត្រូវតាមច្បាប់ឬធ្វើឡើងដោយផ្ទុយពីច្បាប់ កុំអោយចោទគេចេះតែថា។
មិនតែប៉ុណ្ណោះ បើរដ្ឋប្រគល់សិទ្ធិអោយក្រុមហ៊ុនវិនិយោគលើដីឯកជន របស់ក្រុមហ៊ុន តើដីក្រុមហ៊ុនមានទីតាំងនៅកន្លែងណាពិតប្រាកដ? បើនៅក្រៅពីដីតំបន់២ នៃបឹងទន្លេសាប ហើយជាដីក្រុមហ៊ុនទិញ មិនមានទំនាស់នោះជាការត្រឹមត្រូវ តែបើដីក្រុមហ៊ុនស្ថិតនៅក្នុងដីតំបន់២ ដែលការពារដោយអនុក្រឹត្យ បើអាជ្ញាធរខេត្តចង់ប្រគល់ជាកម្មសិទ្ធិអោយទៅក្រុមហ៊ុន គឺទាល់តែខេត្តធ្វើសំណើទៅរាជរដ្ឋាភិបាល សុំអនុយោគពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋជាមុនសិន នោះទើបខេត្តមានសិទ្ធិផ្ដល់កម្មសិទ្ធិ ជូនក្រុមហ៊ុនបាន តែនេះ ខេត្តបែរជាយកដីដែលរាជរដ្ឋាភិបាល ចេញអនុក្រឹត្យកាត់អោយប្រជាពលរដ្ឋ ទៅផ្ដល់ជាកម្មសិទ្ធិអោយក្រុមហ៊ុន វាផ្ទុយពីខ្លឹមសារនៃអនុក្រឹត្យបាត់ទៅហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ១៨៣ អ.ន.ក្រ.ប.ក ដោយសំរេចកាត់ដីទំហំ១៧,៥០ហិកតា នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចេញពីដីនៅក្នុងតំបន់២ នៃបឹងទន្លេសាប ដោយក្នុងនោះដីទំហំ១២.៥០ហិកតា សំរាប់ប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងរក្សាទុកជាដីសាធារណៈទំហំ ៥ហិកតា សំរាប់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ស្ថិតនៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
រាជរដ្ឋាភិបាលសំរេចឲ្យអាជ្ញាធរខេត្តបែងចែកជូន ប្រជាពលរដ្ឋចំនួន៥២៥គ្រួសារ ដែលត្រូវបានផ្លាស់ប្ដូរទីតាំងថ្មីនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ក្នុងនោះធ្វើការផ្ដល់សិទ្ធិ សរុបចំនួន៥៣១ក្បាលដី ដោយ៥២៥ក្បាលដីផ្ដល់ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥២៥គ្រួសារ និង៦ក្បាលដីទៀត ផ្ដល់សិទ្ធិសាងសង់សាលាបុណ្យ១ក្បាលដី, ទីផ្សារ និងចំណតរថយន្ត១ក្បាលដី និងសួនច្បារសាធារណៈ៤ក្បាលដី ស្ថិតនៅភូមិ៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
ប៉ុន្តែក្រោយមកមន្ត្រីអាជ្ញាធរ និងមន្រ្តីជំនាញខេត្តបានឃុបឃិតគ្នា ដោយយោងតាមសំណើរបស់ក្រុមហ៊ុន អិល ខេ អិល បានសំរេចផ្ដល់ប័ណ្ណកម្មសិទ្ធិដី នៅតំបន់២នេះ(ក្រុមទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង) ទំហំ៧១,៧៧៣ម៉ែត្រការ៉េ (៧.៧៧៣ហិកតា) ឲ្យទៅក្រុមហ៊ុនធ្វើជាកម្មសិទ្ធិ ខណៈអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៨៣អ.ន.ក្រ.ប.ក ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ មិនមានមាត្រាណាមួយដែល បានសំរេចឲ្យអាជ្ញាធរផ្ដល់កម្មសិទ្ធិដី នៅតំបន់២ នៃភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងនេះ ជូនក្រុមហ៊ុនអិល ខេ អិល នោះទេ។
មិនតែប៉ុណ្ណោះ យោងតាមឯកសារមួយរបស់ជំនាញ ក្នុងទម្រង់បែបបទ នៃការប្រមូលទិន្នន័យក្បាលដីបញ្ជាក់ប្រភពដី ដើម្បីឈានដល់ការផ្ដល់កម្មសិទ្ធិអោយក្រុមហ៊ុនសំរាប់សាងសង់ផ្សារនោះក៏យោងលើអនុក្រឹត្យលេខ១៨៣ អ.ន.ក្រ.ប.ក ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះដែរ ខណៈដែលអនុក្រឹត្យនេះ មិនមានចំណុចណាមួយបញ្ជាក់ថា ប្រគល់ដីទៅអោយក្រុមហ៊ុននោះទេ។
អ្នកដឹងរឿងបានបង្ហើបអោយដឹងថាដីនៅតំបន់២ នៃបឹងទន្លេសាបនេះ បច្ចុប្បន្នត្រូវបានឈ្មួញ និងអ្នកធំមួយចំនួន ឃុបឃិតគ្នាចាក់ដីរំលោភយកស្រេចតែចិត្ត ដោយគេមិនបានឃើញខាងមន្ទីរធនធានទឹក ដែលជាអង្គភាពជំនាញគ្រប់គ្រង ចុះទៅហាមឃាត់ និងទប់ស្កាត់នោះទេ ព្រោះតែអ្នករំលោភយក ភាគច្រើនជាអ្នកមានលុយ និងមានឥទ្ធិពលនៅក្នុងខេត្ត សូម្បីតែគ្រឿងចក្រដែលទៅធ្វើសកម្មភាពជីកដឹកដីចាក់លប់នៅលើដីតំបន់២នោះ ភាគច្រើនក៏ជារបស់អតីតស្នងការចូលនិវត្តន៏មួយរូប ដែលជាដន្លងរបស់អ្នកធំនៅក្នុងខេត្តផងដែរ៕