(ភ្នំពេញ)៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធ នឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានដាក់ឲ្យដំណើរការចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧តទៅ ដោយមានការចូលរួមពីសំណាក់ស្ថានទូតជប៉ុន ស្ថានទូតបារាំង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

លោក ប៊ិន ឈិន បានថ្លែងថា មជ្ឈមណ្ឌលតម្កល់ឯកសារ ដែលបានសាងសង់ឡើងនេះ ដើម្បីរក្សាទុកនូវឯកសារច្បាប់នានាដែលពាក់ព័ន្ធនឹងរឿងក្តី ក្នុងដំណើរការ សាលាក្តីខ្មែរក្រហមនៅកម្ពុជា ដែលបានកាប់សម្លាប់ប្រជាជនខ្មែរ ស្លូតត្រង់ដោយគ្មានញញើតដៃ ហើយមជ្ឈមណ្ឌលនេះជាផ្នែកមួយ​សម្រាប់ប្រជាពលរដ្ឋ ដែលចង់ស្វែងយល់ពីដំណើរការកាត់ក្តីរឿងខ្មែរក្រហមនៅកម្ពុជា ឲ្យកាន់តែមានភាពច្បាស់លាស់ និងទូលំទូលាយបន្ថែមទៀត ជាពិសេសមជ្ឈមណ្ឌលនេះ ជាឃ្លាំងរក្សាទុកនូវភស្តុតាងជាឯកសារ និងតាមរយៈប្រព័ន្ធបច្ចេកវិទ្យាផងដែរ។ មជ្ឈមណ្ឌលបានតម្កល់ជាឯកសារ ផ្សព្វផ្សាយជាសាធារណៈនៃករណី កាំង ហ្គេចអ៊ាវ ហៅឌុច០០១ ជា Hard copy និង Soft copy មានឯកសារសរុបចំនួន៧០២៦ ស្មើនឹង៧០៧២៥ទំព័រ ដែលមាន៣ភាសា ភាសាខ្មែរ អង់គ្លេស និងភាសាបារាំង។ ក្រៅពីនេះមជ្ឈមណ្ឌល មានឯកសារប្រភេទជា សៀវភៅ ទស្សនា​វដ្តី អត្ថបទសារព័ត៌មាន និងជាវីដេអូដែលនិយាយពាក់ព័ន្ធ និងសាលាក្តី និងសម័យកម្ពុជាប្រជាធិបតេយ្យ។

លោក ប៊ិន ឈិន បានបន្តថា គ្មានប្រជាជនកម្ពុជាណាម្នាក់អាចបំភ្លេចបាននូវសោកនាដកម្ម និងការកាប់សម្លាប់រង្គាល់ដែលបានប្រព្រឹត្តឡើង ដោយរបបកម្ពុជាប្រជាធិបតេយ្យ ក្នុងអំឡុងពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺនៅចន្លោះ ថ្ងៃទី១៧ ខែមេសា​ ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩​ដែលក្រុម ប៉ុល ពត កាន់អំណាចនោះទេ។ ដោយបានសម្លាប់ប្រជាជនកម្ពុជាជាង៣លាននាក់ ហើយទាំងអស់គ្នាដែលនៅសល់ ពិសេចក្តីស្លាប់ បានរស់នៅអស់រយៈពេលជាង ៣៨ឆ្នាំមកហើយ ដោយក្តីឈឺចាប់ខ្លោចផ្សារ និងងសោកសង្រេងដល់អ្នកដែល​បានបាត់បង់ជីវិត ទៅហើយ និងសុបិន្តអាក្រក់នៃអនុស្សាវរីយ៍ដ៏ជូរចត់របស់យើងតាមលងឥតស្រាកស្រាន្ត។

លោក ប៊ិន ឈិន បញ្ជាក់ថា សូម្បីតែក្មួយៗ ដែលកើតក្រោយឆ្នាំ១៩៧៩ ដែលមិនធ្លាប់បានជួបប្រទះ និងឆ្លងកាត់ដោយផ្ទាល់នូវឧក្រិដ្ឋកម្មទាំងនោះ ក៏ទទួលរងនូវបន្ទុកដ៏ធ្ងន់ធ្ងរនេះដែរ ដោយបានឃើញឪពុកម្តាយ និងសាច់ញាតិប្រុសស្រីរបស់ខ្លួនបន្តរស់នៅដោយភាពខ្លោចផ្សានេះនៅឡើយ។

លោកបានបន្តទៀតថា ឧក្រិដ្ឋកម្មដែលកើតឡើងក្នុងអំឡុងពេល នៃរបបកម្ពុជាប្រជាធិបតេយ្យ មិនត្រឹមតែត្រូវបានប្រព្រឹត្តប្រឆាំងនឹងប្រជាជនកម្ពុជា ប៉ុណ្ណោះ​ទេតែថែមទាំងប្រឆាំងនឹងមនុស្សជាតិ ទាំងមូលផងដែរ ដូចនេះ វាជាការត្រឹមត្រូវណាស់​ដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងជនដែលទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដ៏​ធ្ងន់ធ្ងរនេះដែលប្រព្រឹត្តឡើង ដើម្បីស្វែងរកការពិត ផ្តល់យុត្តិដល់ជនរងគ្រោះ និងការចងចាំសម្រាប់មនុស្សជំនាន់ក្រោយក៏ដូចជាការចូលរួមទប់ស្កាត់ មិនឲ្យមានការកើតឡើងសារជាថ្មីនូវឧក្រិដ្ឋកម្ម និងសោកនាដកម្មបែបនេះទៀត ហើយក៏ចូលរួមលុបបំបាត់ វប្បធម៌ទិទណ្ឌ​ភាព នៅគ្រប់ទិសទីនៃពិភពលោក៕