(ប៉ៃលិន)៖ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល សហការជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរក្រុងខេត្តជាច្រើនរូប ចុះរកមុខទំនិញ សាច់ បន្លែ គ្រឿងទេស ប្រហិត ខ្នាញ់ នំ បង្អែម ត្រីស្រស់សរុបចំនួន៤២មុខ នៅក្នុងទីផ្សារ និងតាមគេហដ្ឋាននានាក្នុងខេត្តប៉ៃលិន។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងថា បច្ចុប្បន្ននេះបានផលិតផលម្ហូបអាហារផ្សព្វផ្សាយជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងជារៀងរាល់ខែ និងជាពិសេសបន្តចុះត្រួតទំនិញខូចគុណភាព និងទំនិញលើសកាលបរិច្ឆេទ ប្រើប្រាស់ដែលដាក់តាំងលក់នៅតាមទីផ្សារនានាទូទាំងខេត្តប៉ៃលិនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីដកហូតទំនិញខូចគុណភាពទាំងនោះយកទៅកំទិចចោល និងកុំឲ្យលក់នៅតាមទីផ្សារ ដែលធ្វើឲ្យហូចូលដល់បងប្អូនប្រជាពលរដ្ឋដែលទិញយកទៅប្រើប្រាស់ និងបរិភោគដែលនាំឲ្យប៉ះពាល់ដល់សុខភាព។
លោក សាន វិជ្ជាសារ៉ាវុធ បានបន្តថា ថ្ងៃនេះជាថ្ងៃសំខាន់ណាស់ខាងមន្ត្រីជំនាញយើងបានយករថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ធ្វើតេស្តរកសារធាតុគីមីជាក់ស្តែងតែម្តង ដើម្បីឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តនៅផលិតផលក្នុងស្រុក និងក្រៅស្រុកតែជាក់ស្តែងនាព្រឹក ថ្ងៃនេះមន្ត្រីជំនាញបានពិនិត្យនៅមុខច្រកទ្វារម្តង និងបន្តមកត្រួតពិនិត្យនៅក្នុងផ្សារ តាមគេហដ្ឋានទទួលបាននៅភាពអវិជ្ជមានទំនិញចំនួន៤២មុខ។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ជាក់ស្តែងនៅពេលនេះបានរកឃើញទំនិញហួសសុពលភាព និងខូចគុណភាពរួមមាន ទឹកក្រូចដបជ័រ មីកំប៉ុង មីកញ្ចប់ នំសណ្តែងបំពង ទឹកម្ទេស ទឹកសៀង នំស្រួយលីលី ហើយក៏បានធ្វើការពន្យល់ណែនាំដល់អាវជីករដែលមិនទាន់យល់ច្បាស់ ឲ្យចេះពិនិត្យមើលចំពោះទំនិញដែលហួស សុពលភាព និងទំនិញក្លែងក្លាយដែលមិនមានច្បាប់អនុញ្ញាតិ ឬទំនិញដែលមិនមានស្លាកសញ្ញាត្រឹមត្រូវមកដាក់តាំងលក់ដែលធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ផលប៉ះពាល់ពីការប្រើប្រាស់មុខម្ហូបខូចគុណភាព ឬភេសជ្ជៈហួសកំណត់ប្រើប្រាស់ នាំឲ្យសុខភាពអ្នកប្រើប្រាស់មានជំងឺផ្សេងៗ ដូចជារាគរួស ក្អួតចង្អោរ ចុកពោះ និងអាចឈានដល់គ្រោះថ្នាក់ដល់អាយុជីវិត បើសង្គ្រោះមិនទាន់ដូច្នេះហើយ អាជីវករ ពិសេសប្រជាពលរដ្ឋដែលទិញទំនិញជារាងរាល់ថ្ងៃ ត្រូវមានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសអាហារមកទទួលទាន ឬលក់ដូរបន្ត ធ្វើយ៉ាងណាឲ្យមានគុណភាព។
ទន្ទឹមនេះអាជីវករទាំងអស់មុននឹងទិញទំនិញយកមកដាក់តាំងលក់ត្រូវពិនិត្យមើលកាលបរិច្ឆេត ថ្ងៃ ខែ ឆ្នាំ ផលិត និងក្រុមហ៊ុនឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពេលសមត្ថកិច្ចកាំកុងត្រូលចុះពិនិត្យឃើញហួសកំណត់ដកហូតដែលនាំឲ្យខាតបង់ថវិការគ្រូសាររបស់បងប្អូន និងខាតបង់វេលា។
បើតាមការបញ្ជាក់បន្ថែមពីមន្ត្រីជំនាញរថយន្តមន្ទីរពិសោធន៍ចល័តកាំកុងត្រូល ធ្វើតេស្តរកសារធាតុគីមីនូវផលិតផល ម្ហូបអាហារ បន្លែ សាច់ចម្រុះចំនួន៤២មុខបានថ្លែងថា មួយថ្ងៃនេះយើងបានធ្វើតេស្តដូចជា ម្ចេសប្លោក ស្ពៃចង្កិះ សាឡាត ស្ពៃក្រញ៉ាញ់ ខ្ចីហាន ទំពាងបាយជូត្រាំ ទំពាំងជ្រក់ មឹក ផ្កាខាត់ណា ផ្កាគូឆាយ ខ្ទឹមបារាំង គល់ស្លឹកគ្រៃហាន់ ផ្លែប៉ោម ត្រីងៀត សាច់មាន់ សណ្តែងបណ្តុះ ផ្លែមង្ឃុត ប្រេងឆា ប្រហិតសាច់គោ ស្កត្នោត បាញ់កាញ់ លត ឆៃប៉ូវ សសៃគុយទាវ ផ្លែសាវម៉ាវ ផ្លែឡុងកុង សណ្តែងបណ្តុះ ត្រីសាម៉ុង ត្រីទីឡាបយ៉ា ត្រីចិនទឹកសាប ក្រូចខ្វិច ត្រីប្រា មើមឆៃថាវ ត្រប់ស្រួយ ម្រះ ខាត់ណា ស្លឹកខ្ទឹម ស្ពៃបូកគោ ស្រកានាគ បង្គា មឹក សាច់ជ្រូក មុខទំនិញទាំងអស់នេះបានចេញលទ្ធផលល្អ គ្មានផ្ទុកសារធាតុគីមីហាមឃាត់ឡើយ៕