(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្នើឲ្យសភាពាណិជ្ជកម្មខេត្ដសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ពិនិត្យលើលទ្ធភាពនៃការវិនិយោគលើផ្នែកចំនួន ៣សំខាន់ៗ រួមមាន៖ ផ្នែកសាងសង់មន្ទីរពេទ្យស្ដង់ដារធំៗ ផ្នែកឱសថសាស្រ្ត និងផ្នែកសម្ភារបរិក្ខាពេទ្យ ខណៈតម្រូវសុខាភិបាលនៅប្រទេសកម្ពុជា កំពុងមានការកើនឡើងយ៉ាងចាំបាច់។
លោករដ្ឋមន្រ្តីស្នើបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Zhiting Yang ប្រធានសភាពាណិជ្ជកម្មខេត្ដសានទុង នៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីពិនិត្យលទ្ធភាពនៃវិនិយោគលើវិស័យសុខាភិបាល នៅប្រទេសកម្ពុជា។
នៅចំពោះមុខលោក Zhiting Yang លោក ម៉ម ប៊ុនហេង បានណែនាំពីតម្រូវការចាំបាច់លើវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា ដែលកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសតម្រូវការមន្ទីរពេទ្យខ្នាតធំ ដែលមានលក្ខណៈស្ដង់ដារ តម្រូវការឱសថថ្នាំសង្កូវ ក៏ដូចជាសម្ភារបរិក្ខាសុខាភិបាលជាដើម។
កត្តាទាំងនេះ គឺទាមទារឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងវិនិយោគពីដៃគូជាតិ-អន្តរជាតិបន្ថែមទៀត ដូច្នេះហើយ ទើបលោករដ្ឋមន្រ្តីបានស្នើដល់ភាគីចិន ពិសេសសភាពាណិជ្ជកម្មខេត្ដសានទុង គួរពិនិត្យលើលទ្ធភាពនៃការវិនិយោគ លើផ្នែកទាំង៣ខាងលើ។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏រីករាយត្រៀមចាំស្វាគមន៍ចំពោះគោលបំណងចង់មកវិនិយោគរបស់មហាមិត្តចិនផងដែរ។
ឆ្លើយតបនឹងសំណើខាងលើនេះ លោក Zhiting Yang រួមជាមួយអ្នកជំនាញវិនិយោគសាងសង់មន្ទីរពេទ្យ សាស្រ្តាចារ្យខាងឱសថសាស្រ្ត ក៏ដូចជាអ្នកជំនាញខាងសម្ភារបរិក្ខាសុខាភិបាល ក៏បានស្វាគមន៍នៅចំពោះមុខ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា ផងដែរ។
ភាគីទាំងពីរបានឯកភាពលើលទ្ធភាពនៃការវិនិយោគ លើផ្នែកទាំង៣ខាងលើ ហើយបានសន្យាថា នឹងបង្កើតក្រុមការងារពិភាក្សាគ្នាឲ្យបានហ្មត់ចត់ជាបន្តទៀត ក្រោយពេលទទួលបានការអនុញ្ញាតពី ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា (CDC) ព្រោះរាល់ការវិនិយោគនៅប្រទេសកម្ពុជា ភាគីបរទេសចាំបាច់ត្រូវសុំការអនុញ្ញាពី ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា ជាមុនសិន។
លោករដ្ឋមន្រ្តីក៏បានរំឭកថា កន្លងមក សភាពាណិជ្ជកម្មខេត្ដសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជាជំនួយឥតសំណងលើវិស័យសុខាភិបាល ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន រថយន្តគិលានជំនួយសង្គ្រោះចំនួន ២០០គ្រឿង ម៉ាស៊ីនឆ្លុះអេកូចំនួន ២០០គ្រឿង និងសម្ភារបរិក្ខាសុខាភិបាលមួយចំនួនទៀត៕