(ភ្នំពេញ)៖ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រះវិហារ រួមជាមួយកូនចៅរបស់ខ្លួនម្នាក់ ត្រូវបាននាំមកសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែមិថុនា នេះ ដើម្បីជំនុំជម្រះបទល្មើសលួចលក់ដីអង្គភាពតម្លៃជិត៧ម៉ឺនដុល្លារអាមេរិក ប៉ុន្តែតុលាការនឹងប្រកាសសាលក្រមនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ។
សវនាការនេះដឹកនាំដោយលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ និងលោក ងិន ពេជ ជាតំណាងអយ្យការ។
ជនជាប់ចោទឈ្មោះ គង់ មករា ជាប្រធានមន្ទីររ៉ែ និងថាមពល និងឈ្មោះ ងួន ផល្លី ជាប្រធានគណនេយ្យជាប់ចោទពីបទ បំផ្លាញដោយចេតនា និងបទគៃបំបាត់ដោយទុច្ចរិត តាមមាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣២ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។
ដើមចមដែលនាំឲ្យមានការចោទប្រកាន់នេះ ត្រូវបានប្រភពព័ត៌មានបញ្ជាក់ថា កាលពីពេលកន្លងទៅ លោក គង់ មករា និងលោក ងួន ផល្លី បានឃុបឃិតគ្នាលក់ដីទំហំប្រមាណ ១៣ម៉ែត្រគុណនឹង៧៤ម៉ែត្រ តម្លៃចន្លោះពី ៧ទៅ៨ម៉ឺនដុល្លារអាមេរិក នៅក្នុងភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងអំឡុងឆ្នាំ២០១៤។
ដោយសារការលួចលក់ដីរដ្ឋនេះ បិទមិនជិតធ្វើឲ្យមន្ត្រីថ្នាក់ក្រោមឱវាទ ប្តឹងមកសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យបើកការស៊ើបអង្កេត។ ក្រោយមក សមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ មានភស្តុតាងគ្រប់គ្រាន់ ក៏បានហៅអ្នកទាំងពីរមកបំភ្លឺកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយសម្រេចឃាត់ខ្លួនតែម្តង។
ជនជាប់ចោទ ថ្លែងក្នុងសវនាការថា ខ្លួនមិនបានលក់ដីរដ្ឋទេ គឺដីនោះមិនស្ថិតក្នុងបញ្ជីសារពើពន្ធរបស់រដ្ឋទេ ហើយបានប្រជុំជាមួយមន្ត្រីក្រោមឱវាទមុននឹងលក់ដីនេះ។ ពេលលក់ដីបានប្រាក់ គឺបានបែងចែកឲ្យមន្ត្រីក្រោមឱវាទ ដើម្បីយកទៅចិញ្ចឹមជីវិត ដែលមានជីវភាពខ្វះខាត ហើយមិនបានយកប្រាក់នោះដាក់ចូលក្នុងហោប៉ៅខ្លួនឯងទេ។
លោក ងិន ពេជ ជាតំណាងអយ្យការ សន្និដ្ឋានថា ជនជាប់ចោទដឹងថា ដីនោះជាដីរបស់រដ្ឋ ហើយបានរៀបចំជ្រើសរើសឈ្មោះ ងួន ផល្លី ជាអ្នកឈរឈ្មោះលក់ដី។ ដូច្នេះតំណាងអយ្យការសូមកែប្រែបទល្មើសទៅជា បទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌវិញ។
ចំណែកមេធាវីការពារជនជាប់ចោទបានធ្វើសេចក្តីសន្និដ្ឋានថា ដីនេះត្រូវបានគេរំលោភយកតាំងពីមុនឆ្នាំ២០០០មកម្ល៉េះ ហើយវាផុតអាជ្ញាយុកាល ទើបគាត់យកដីនេះលក់ រួចបែងចែកប្រាក់ឲ្យមន្ត្រីក្រោមឱវាទ ដើម្បីជួយក្នុងជីវភាព គ្មានចេតនាទុច្ចរិតយកប្រាក់ដាក់ក្នុងហោប៉ៅផ្ទាល់ខ្លួនទេ។
ក្រោយការសួរដេញដោល និងស្តាប់សេចក្តិសន្និដ្ឋានរួចហើយ តុលាការបានលើកពេលប្រកាស សាលក្រមរឿងក្តីនេះទៅថ្ងៃទី៤ ខែកក្កដា ខាងមុខវិញ៕