(ភ្នំពេញ)៖ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានប្រាប់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញទាំងអស់ កុំឲ្យមានការព្រួយបារម្ភ ចំពោះការរអាក់រអួលទឹកសម្រាប់ប្រើប្រាស់ ព្រោះបញ្ហានេះ បណ្ដាលមកពីដាច់ចរន្ដអគ្គិសនី ដោយសារតែរថយន្ដធំៗ របស់ក្រុមហ៊ុនសំណង បើកបរប៉ះខ្សែសម្រាប់ផ្គត់ផ្គង់ចរន្ដអគ្គិសនីចូលរាជធានីភ្នំពេញ ដែលមានតង់ស្យុងកម្រិតខ្ពស់១១៥គីឡូវ៉ុល។ នេះបើតាមលោក ផេង ទី អនុប្រធាននាយកដ្ឋានលទ្ធកម្ម និងផ្គង់ផ្គង់ទឹក ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
លោក ផេង ទី បានបញ្ជាក់ថា «ដោយសារមានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយតាកែវ ដែលជាខ្សែបញ្ជូនមករាជធានីភ្នំពេញ បណ្តាលឲ្យប៉ះពាល់ដល់ខ្សែបណ្តាញបញ្ជូនជាតិ ធ្វើឲ្យដាច់ចរន្តអគ្គិសនីទូទាំងប្រទេស។ ករណីនេះបណ្តាលឲ្យរោងចក្រប្រព្រឹត្តកម្មទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ។ អាស្រ័យហេតុនេះសូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការរអាក់រអួលនេះដោយអនុគ្រោះ»។
នៅថ្ងៃនេះលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា បានចេញមកបញ្ជាក់ថា ការដាច់ភ្លើងក្នុងរាជធានីភ្នំពេញ មួយរយៈពេលចុងក្រោយនេះ មិនមែនមកពីកត្កាកង្វះភ្លើងនោះទេ ពោលបណ្ដាលមកពីរថយន្ដធំៗ របស់ក្រុមហ៊ុនសំណង់ បើកប៉ះខ្សែបញ្ជូនចរន្ដដែលមានតង់ស្យុងកម្រិតខ្ពស់។
អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ បន្ថែមថា ពាក់ព័ន្ធជាមួយរថយន្ដធំៗរបស់ក្រុមហ៊ុនសំណង់ ដែលបើកបរប៉ះខ្សែបញ្ជូនកម្រិតខ្ពស់នេះ ជំនាញអគ្គិសនីកំពុងតែសហការជាមួយ សាលារាជធានីភ្នំពេញ ដើម្បីធ្វើការទប់ស្កាត់រាល់រថយន្ដធំៗទាំងអស់នោះ៕