(កំពង់ស្ពឺ)៖ លោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញដីកាបង្គ្រាបឲ្យចាប់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ សុំ សុខា ជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន នៅលើស្លាកគណបក្សប្រជាជនកម្ពុជា នាពេលកន្លងទៅ។ នេះបើតាមដីការបស់សាលាដំបូងដែលអង្គភាព Fresh News នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី សម សាមួន បានបញ្ជាក់ថា បើសិនជននេះលេចមុខនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ពេលណា នឹងចាប់ខ្លួននៅពេលនោះតែម្តង។
ដីកាដដែលបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧។
ដីកានោះសម្រេចថា បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឲ្យចាប់ និងនាំខ្លួនជនត្រូវចោទឈ្មោះ សំ សុខា ប្រគល់ជូនសាលាដំបូងសាម៉ី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងបង្គាប់ទៅប្រធានពន្ធនាគារត្រូវទទួល នឹងបញ្ជូនជននេះមកចំពោះមុខចៅក្រមស៊ើបសួរឲ្យបំផុតតាមដែលអាចធ្វើទៅបាន។
លោកឧត្តមសេនីយ៍ត្រីស្នងការ បានអះអាងថា «បើសិនជាជននេះមានវត្តមាននៅកំពង់ស្ពឺ ទោះតម្លៃណាក៏ដោយ ខ្ញុំនឹងឃាត់ឲ្យបានជាដាច់ខាត ដើម្បីយកមកទទួលខុសត្រូវចំពោះមុខច្បាប់។ យើងធ្លាប់ដឹងថា ពីមុនជននេះនៅព្រំដែន ឡែម ខេត្តបន្ទាយមានជ័យ តែក្រោយមកបានផ្លាស់ប្ដូរ ចល័តរហូត»។
បើតាមលោកស្នងការ ដំណើរការនីតិវិធីតុលាការ លោកព្រះរាជអាជ្ញាបានចេញដីកាបញ្ជាឲ្យចូលខ្លួនរួចហើយ តែជននេះបានរត់គេច។ តែនៅថ្ងៃនេះ លោកចៅក្រមបានចេញដីកាស្វែង រកចាប់ខ្លួនតែម្ដង។ លោកបានបញ្ជាក់ថា «ជុងមិនភ្លេចកុកទេ ហើយក៏មិនជឿថា សត្វកុកហោះហើរចោលទ្រនំបានយូរដែរ»។
សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ ស្រ្តី សំ សុខា បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន សម្តេចពញាចក្រ ហេង សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម៕