(កំពត)៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាបាលនៃក្រសួងសុខាភិបាល បានថ្លែងថា ការពង្រឹងសមត្ថភាពគ្រូពេទ្យថែទាំអ្នកជំងឺផ្លូវចិត្ត និងញៀនគ្រឿងញៀន ជំរុញឲ្យមានទំនាក់ទំនងល្អរវាងគ្រូពេទ្យ និងប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកស្រីថ្លែងបែបនេះ ក្នុងឱកាសនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃក្រសួងសុខាភិបាល បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុខភាពផ្លូវចិត្ត និងគ្រឿងញៀន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នាសណ្ឋាគារ ហេង រស្មី ខេត្តកំពត ដែលមានសិក្ខាកាម ជាគិលានុបដ្ឋាក-យិកា ចំនួន៤៣នាក់ បានចូលរួម ក្នុងនោះមាន៖ មកពីខេត្តកំពត ចំនួន១៧នាក់, កណ្តាល ចំនួន១២នាក់,ខេត្តកំពង់ស្ពឺ ចំនួន០៨នាក់, កែប ចំនួន០៣នាក់, តាកែវ ចំនួន០២នាក់, ព្រៃវែងចំនួន០១នាក់ និងមានគ្រូឧទ្ទេសនាមមកពីខេត្តផ្សេង និងមកពីក្រសួងមួយចំនួនទៀតផងដែរ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនបានថ្លែងថា សិក្ខាសាលានេះ គឺផ្ដោតសំខាន់ លើការពង្រឹងបច្ចេកទេសដល់គិលានិបដ្ឋាក-យិកា ក្នុងការថែទាំជាបថម សម្រាប់អ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន ដើម្បីចូលរួមពង្រីកសេវាព្យាបាល និងថែទាំអ្នកជំងឺផ្លូវចិត្ត និងអ្នកញៀនគ្រឿងញៀន នៅក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ ព្រមទាំងរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំ ឲ្យមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់ និងរួមចំណែកបន្តពង្រឹងសេវាសុខភាពប្រកបដោយគុណភាព ដោយត្រូវចាប់ផ្តើមពីគុណវឌ្ឍរបស់ពេទ្យម្នាក់ៗខ្លួនឯងផ្ទាល់ ហើយក៏បានគូសបញ្ជាក់ដែរថា ជាចំណុចចាប់ផ្តើម នៃការថែទាំអ្នកជំងឺប្រកបដោយគុណភាព គិលានុបដ្ឋាក ត្រូវកសាងឱ្យបាននូវទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកជំងឺ ឱ្យបានល្អ ដើម្បីយើងអាចកសាងទំនុកចិត្ត និងស្រាវជ្រាវរកប្រវត្តិជំងឺឱ្យបានគ្រប់ជ្រុងជ្រោយ ពិនិត្យដោយហ្មត់ចត់ ដែលអាចឲ្យមានអន្តរាគមន៌សុខភាពបានល្អ។ ទន្ទឹមនឹងនោះ លោកជំទាវ ឱ វណ្ណឌីន បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្នុងការថែទាំអ្នកជំងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងសូមជួយលើកកម្ពស់គុណតម្លៃរបស់គ្រូពេទ្យ ដែលជាប្រពៃណីតែងតែទទួលបាននូវការគោរព និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ៕