(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤រួចទៅហើយ។ អ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សហគមន៍អន្តរជាតិ អង្គទូត ព្រមទាំងប្រជាជនកម្ពុជាជាម្ចាស់ឆ្នោតបានវាយតម្លៃជាវិជ្ជមាន និងសម្តែងក្តីរីករាយដែលការបោះឆ្នោតនៅកម្ពុជានិងក្នុងប្រទេសជាតិរបស់ខ្លួនកាន់តែល្អប្រសើរឡើង។ ផ្ទុយទៅវិញស្រាប់តែនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ គឺមួយថ្ងៃក្រោយមក ស្រាប់តែគណបក្សសង្គ្រោះជាតិ CNRP ចេញសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឲ្យមានការសង្ស័យនិងបង្កើតជាសំណួរថា៖ «តើមនុស្សក្នុងបក្ស នេះកើតមានជំងឺអ្វីឲ្យពិតប្រាកដ?»។
នៅក្នុងសេចក្តីថ្លែងការណ៍៣ទំព័រ គឺ CNRP បានរិះគន់គ្រប់តួអង្គទាំងអស់ ទាក់ទិននឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤នេះ ដែលសូម្បីតែ ស្ថាប័ន គ.ជ.ប ដែលជាចៅក្រមអជ្ញាកណ្តាលក្នុងការរៀបចំការបោះឆ្នោត ក៏ CNRP រិះគន់ដែរ។ លើកលែងតែរឿងអាស្រូវអាសអាភាស២យប់១០ដង និងការបរាជ័យ ចំពោះការបោះឆ្នោតជាថ្មីម្តងទៀតនេះ ដែល CNRP មិនបានដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍នេះទេ (sic)!។
បណ្តឹងតវ៉ានីមួយៗក្នុងដំណើរការបោះឆ្នោត គួរតែត្រូវបានធ្វើឡើងជាបន្តបន្ទាប់ តាមដំណាក់កាលនីមួយៗ ដោយប្តឹងទៅ គ.ជ.ប ដែលជាអជ្ញាកណ្តាល។ ផ្ទុយទៅវិញ ឥឡូវនេះ គ.ជ.ប បានដោះស្រាយបណ្តឹងចប់សព្វគ្រប់ រហូតប្រកាសលទ្ធផលផ្លូវការតាមប្រតិទិនទៅហើយ ដែលនិយាយជាសាមញ្ញបានថា «អង្ករក្លាយជាបាយ» រួចទៅហើយ បែរជា CNRP ទើបតែភ្ញាក់ពីដេក ចេញសេចក្តីថ្លែងការណ៍ប៉ាតណាប៉ាតណី ជាន់នឹងសេចក្តីថ្លែងការណ៍ដើមរបស់ខ្លួន ដែលចេញនៅក្រោយការបោះឆ្នោតភ្លាមនោះទៅវិញ។ ដូច្នេះសេចក្តីថ្លែងការណ៍ខុសពេល ខុសរដូវនេះ គឺវាគ្រាន់តែដើម្បីបំភ័ន្តមហាជន ដើម្បីបិទបាំង ភាពអាម៉ាស់នៃការចាញ់ឆ្នោតតែប៉ុណ្ណោះ។ លើសពីនេះ គឺវាក៏បង្ហាញចរិតធូរថ្លៃរបស់អ្នកនយោបាយចាញ់ឆ្នោតដែលតែងតែឡាំប៉ាផងដែរ។ ទាក់ទិននឹងសេចក្តីថ្លែងការណ៍ដែលបង្ហាញថា កំពុងមានជំងឺផង និងមានចរិតធូរថ្លៃផងនោះ CNRP អនុវត្តដូចតទៅ៖
ទី១៖ នៅក្នុងក្បាលម៉ាស៊ីនដឹកនាំ គ.ជ.ប សរុបចំនួន៩រូប គឺមានសមាសភាពរបស់ CNRP ចំនួន៤រូប។ ដូច្នេះ CNRP ត្រូវមានសេចក្តីក្លាហានប្រកាសថា ការរិះគន់របស់ខ្លួនចំពោះ គ.ជ.ប គឺមិនមែនជាកំហុសរបស់ គ.ជ.ប នោះទេ ក៏ប៉ុន្តែ គឺជាកំហុសរបស់ CNRP ដែលមិនបានយល់ពីនិតិវិធី និងប្រតិទិនការបោះឆ្នោត ដែលជាហេតុធ្វើឲ្យគណបក្សទទួលព័ត៌មានខុសនិងចេះតែភាំងៗ វង្វេងវង្វាន់រហូតមិនបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ក្នុងការប្តឹងឲ្យបានត្រឹមត្រូវតាមកាលវេលានិងដំណាក់កាលនីមួយៗ។
ទី២៖ ដោយសារតែការមិនស្កប់ចិត្តចំពោះ គ.ជ.ប និងដោយសារតែការបរាជ័យជាថ្មីម្តងទៀតនេះ CNRP គួរមានសេចក្តីក្លាហានប្រកាសកុំទទួលយក លទ្ធផលការបោះឆ្នោតនេះ។ គ្រវាត់វាចោលតែម្តងទៅ!។
ទី៣៖ ដោយសារតែការមិនស្កប់ចិត្តចំពោះ គ.ជ.ប និងដោយសារតែការចាញ់ឆ្នោតម្តងទៀតនេះ CNRP គួរមានសេចក្តីក្លាហានប្រកាសបោះបង់ចោលអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នេះចោលឲ្យបានលឿនបំផុតតាមតែអាចធ្វើបាន។ កុំយកដើម្បីឲ្យស័ក្តសមឬកពារអ្នកធូរថ្លៃ!។
ទី៤៖ ដោយសារតែការចាញ់ឆ្នោតជាថ្មីទៀតនេះ CNRP គួរមានសេចក្តីក្លាហានធ្វើសេចក្តីណែនាំជាសាធារណៈប្រកាសប្រាប់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៃបក្សរបស់ខ្លួនដែលជាប់ឆ្នោតនោះ កុំទទួលយកការងារ កុំចូលធ្វើការ ហើយគប្បីបោះបង់ការងារចោលតែម្តងទៅ។
ទី៥៖ ដោយសារតែមិនដែលមានទម្លាប់ជឿទុកចិត្តលើ គ.ជ.ប និងដោយសារតែគ្មានជំនឿថា ប្រជាជននឹងបោះឆ្នោតឲ្យនោះទេ CNRP គួរប្រកាសឲ្យបានលឿនថា នឹងមិនចូលរួមការបោះឆ្នោតជាតិឆ្នាំ២០១៨ និងមិនចូលរួមការបោះឆ្នោតនានាតទៅមុខទៀតទេ។
កន្លងមក ល្បែងនយោបាយរបស់បក្សប្រឆាំងក្នុងការបំភ័ន្តមហាជនអំពីការចាញ់ឆ្នោតរបស់ខ្លួន គឺគេប្រើតាមគោលការណ៍ «១មិន-៣យក» នោះគឺ៖ ទី១គឺមិនទទួលយកលទ្ធផលការបោះឆ្នោត ក៏ប៉ុន្តែបែរជា ទី១) យកអាសនៈ ទី២)យកអភ័យឯកសិទ្ធិ និងទី៣)យកប្រាក់ខែ។ ចាញ់ឆ្នោតលើកណា ឡាំប៉ារាល់ពេល ក៏ប៉ុន្តែមិនក្លាហានបោះបង់ចោលលទ្ធផល តំណែង យសស័ក្តិ និងលុយកាក់ជាដាច់ខាត។ ម្តងនេះ CNRP គួរសាកល្បង ប្រើវិធានការទាំង៥ខាងលើនេះម្តងមើល ប្រកាសក្រវាត់ចោលទាំងអស់ ដើម្បីកុំឲ្យជាប់គោរម្យងារថាជា «អ្នកនយោបាយចរិតធូរថ្លៃ»៕
ដោយ៖ សេនាជាតិ