(ភ្នំពេញ)៖ លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និង លោក ជិន ក្យ៉ងប៊ុគ នាយករងសាកលវិទ្យាល័យបច្ចេកទេសកូរ៉េ (Korea Tech) បានចុះកិច្ចព្រមព្រៀង លើអនុស្សារណៈ យោគយល់គ្នា រយៈពេល៥ឆ្នាំ ដើម្បីពង្រឹងលើផ្នែកបច្ចេកវិទ្យា(IT) ដល់និស្សិត និងសាស្រ្តាចារ្យ។ ពិធីចុះ MoU នេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។
លោក ជេត ជាលី បានលើកឡើងថា RUPP និង Korea Tech សន្យាថា នឹងជួយគ្នាទៅវិញទៅមក ក្នុងការបណ្តុះបណ្តាលជំនាញ និងបច្ចេកវិទ្យា និង ពង្រឹងការបណ្តុះបណ្តាល ផ្នែកកំព្យូទ័រ ទៅដល់និស្សិត និងសាស្រ្តចារ្យ និងមានការផ្លាស់ប្តូរ និស្សិតទៅសិក្សានៅក្រៅប្រទេស និងនិស្សិតបរទេសមកសិក្សានៅកម្ពុជាផងដែរ។ លោកបានបន្តថា MoU នេះ បានបើកជើងមេឃជំហរ ឲ្យសាស្រ្តចារ្យកម្ពុជា បានជួបជាមួយសាស្រ្តចារ្យ បរទេស និងឲ្យនិស្សិតកម្ពុជា ជួបជាមួយនិស្សិតបរទេស។
លោក ជេត ជាលី បានបន្តទៀតថា ការចាប់គ្នាជាដៃគូនេះ ដោយសារតែលោក សម្លឹងឃើញថា ប្រទេសកូរ៉េជាប្រទេសមួយក្នុងចំណោម ប្រទេសជាច្រើនទៀត ដែលមានភាពជឿនលឿនលើផ្នែកបច្ចេកវិទ្យា ដូចនេះយើងត្រូវរៀនពីប្រទេសមួយនេះឲ្យបាន ច្រើនបំផុត។
ដោយឡែក លោក ជិន ក្យ៉ងប៊ុគ នាយករងសាកលវិទ្យាល័យបច្ចេកទេសកូរ៉េ បានបញ្ជាក់ថា ខាងប្រទេសកូរ៉េ បានសម្រេចចាប់ដៃគូនាពេលនេះ ដោយសារ តែ លោកយល់ឃើញថា ប្រទេសកម្ពុជា កំពុងតែមានការរីកចម្រើនទៅមុខ ហើយដោយសារតែ RUPP ជាសាកលវិទ្យាល័យឆ្នើមនៅកម្ពុជា ហើយសាកលវិទ្យាល័យ លោកក៏ជាសាកលវិទ្យាល័យល្បី ក្នុងចំណោមសាកលវិទ្យាល័យ ជាច្រើនទៀតនៅប្រទេសកូរ៉េ និងផ្តោតសំខាន់លើការផ្លាស់ប្តូរនិស្សិតទៅសិក្សានៅប្រទេសកូរ៉េ ដោយផ្តល់អាហារូបករណ៍ ដោយមានចំណាយលើកន្លែងស្នាក់នៅ ថ្លៃសិក្សា និងផ្តល់ប្រាក់ប្រចាំខែ និងមានការឧបត្ថម្ភមួយចំនួនទៀត។
លោក ជិន ក្យ៉ងប៊ុគ បានបន្តថា នៅខែតុលា ឆ្នាំ២០១៧ខាងមុខនេះ សាកលវិទ្យាល័យបច្ចេកទេសកូរ៉េ (Korea Tech) នឹងមានការផ្តល់អាហារូបករណ៍ ទៅដល់និស្សិតកម្ពុជាផ្នែក IT ចំនួន២នាក់ ទៅសិក្សានៅប្រទេសជប៉ុន។
កន្លងមក សាកលវិទ្យាល័យបច្ចេកទេសកូរ៉េ (Korea Tech) បានចាប់ដៃគូរជាមួយ សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(សាលាតិចណូ) វិទ្យាស្ថានបច្ចេកវិទ្យា(ក្រសួងការងារ និងបណ្តុះបណ្តាលវិទ្យាជីវៈ)។ ដោយឡែក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក៏បានចុះ MoU ជាមួយប្រទេសជាង២០០ នៅទូទាំង ពិភពលោក នៅអឺរ៉ុប អាមេរិក ចិន ជប៉ុន និងកូរ៉េ៕