(ព្រះវិហារ)៖ លោក សួស យ៉ារ៉ា សមាជិកនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានលើកឡើងថា ពាក្យថា សង្រ្គោះជាតិ គឺជាពាក្យមួយដែលមានដើមកំណើត ពីគណបក្សប្រជាជនកម្ពុជាត្រូវប្រើ បើផ្អែកតាមប្រវត្តិសាស្ត្រ មិនមែនគណបក្សផ្សេង យកទៅប្រើបោកបញ្ឆោត ប្រជាពលរដ្ឋនោះទេ។
ការថ្លែងរបស់លោក សួស យ៉ារ៉ា បានធ្វើឡើងក្នុងឱកាសដែល លោកចូលរួមអបអរសារទរខួបអនុស្សាវរីយ៏លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.០៦.១៩៥១-២៨.០៦.២០១៧)ក្រោមវត្តមានលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ។
លោក សួស យ៉ារ៉ា បានថ្លែងបន្តថា «ទោះបីខ្ញុំជាយុវជនជំនាន់ក្រោយក៏ពិតមែន តែប្រវត្តិសាស្ត្ររបស់ប្រទេសជាតិយើង ខ្ញុំត្រូវតែដឹង និងទទួលស្គាល់ទាំងអស់គ្នា»។
លោកបន្តថា បន្ទាប់បន្ទាប់ពីបានទៅទស្សនានៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់នានា ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ជាកន្លែងដែលសម្តេចតេជោ ហ៊ុន សែន ធ្វើការតស៊ូសង្រ្គោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រលយ័ពូជសាសន៍ ប៉ុល ពត។ ផ្តើមចេញពីតំបន់នោះសម្តេចតេជោ ហ៊ុន សែន បានសង្គ្រោះខ្មែរគ្រប់ភាគី ក្លាយជាខ្មែរតែមួយ ជ្រកក្រោមដំបូលរាជរដ្ឋាភិបាល ដោយគ្មានការបែងចែកដូចមុននោះទេ ហើយនាំគ្នាកសាងប្រទេសជាតិ ឲ្យមានសន្តិភាព មានការអភិវឌ្ឍន៍រហូតមកដល់សព្វថ្ងៃ។ ដូច្នេះពាក្យសង្រ្គោះជាតិ យើងត្រូវផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកតែមួយគត់។
លោកបញ្ជាក់ថា «សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក នៃកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិ ហើយពាក្សសង្រ្គោះជាតិ ជាកម្មសិទ្ធិដើមរបស់គណបក្សប្រជាជនកម្ពុជា ដោយឡែក គណបក្សផ្សេងដែលយកពាក្យសង្រ្គោះជាតិមកប្រើ គឺជាការបោកប្រាស់សុទ្ធសាធ បើផ្អែកតាមប្រវត្តរបស់គណបក្សនោះ តើគេបានសង្គ្រោះអ្វីខ្លះ? ដែលត្រង់ចំណុចនេះ សូមបងប្អូនប្រជាពលរដ្ឋកុំជឿឲ្យសោះ»។
បើតាមតំណាងរាស្រ្ត និងជាអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ លោកនឹងធ្វើជាអ្នកឧទ្ទេសនាម ក្នុងពេលសមរម្យណាមួយ ជាមួយប្រធានគណបក្សខេត្ត ដឹកនាំសមាជិកបក្ស និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ទៅទស្សនាកន្លែងតស៊ូពិតប្រាកដរបស់ សម្តេចតេជោ ហ៊ុន សែន នៅខេត្តត្បូងឃ្មុំ។
បន្ថែមលើសពីនេះលោក សួស យ៉ារ៉ា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាៗនៅឆ្នាំ២០១៨ ដើម្បីគាំទ្របេក្ខភាព សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀត៕