(កំពង់ចាម)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានប្រាប់ឲ្យលោក គួច ចំរើន ដែលទើបប្រកាសចូលកាន់តំណែងផ្លូវការ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមថ្មីនេះ ត្រូវធ្វើយ៉ាងណាខិតខំប្រឹងប្រែងលុបបំបាត់ ចោលឲ្យបាន នូវបញ្ហាគ្រឿងញៀន ក្នុងខេត្តកំពង់ចាមទាំងមូល។
ពិធីប្រកាសតែងតាំងជាអភិបាលខេត្តកំពង់ចាមថ្មី របស់លោក គួច ចំរើន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ទាំងអស់។
សម្ដេចក្រឡាហោម ស ខេង ថ្លែងបញ្ជាក់ថា អភិបាលខេត្តកំពង់ចាមថ្មី គឺលោក គួច ចំរើន ត្រូវប្រឹងប្រែងធ្វើការងារនេះ ឲ្យបានល្អ និងឈានដល់ការលុបបំបាត់ចោលគ្រឿងញៀនឲ្យបាន ព្រោះបញ្ហាគ្រឿងញៀននេះ ធ្វើឲ្យខាតបង់ធនធានមនុស្សយ៉ាងច្រើនជាពិសេសយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាគ្រោះថ្នាក់សង្គមមួយយ៉ាងខ្លាំង។
ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀនេះ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ក្នុងរយៈពេលជាង៥ខែ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន១០៦គីឡូក្រាម កញ្ឆាក្រៀម ១៣គីឡូក្រាម ដើមកញ្ឆាជាង ១៤ម៉ឺនដើម និងឃាត់ខ្លួនជនសង្ស័យចំនួន ៨,១៩៦នាក់ ក្នុងនោះដែរកម្លាំងជំនាញ បានផ្សព្វផ្សាយអប់រំ ដល់មហាជនជាង ៣លាននាក់។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ គណៈកម្មការបំផ្លាញគ្រឿងញៀន បានដុតកម្ទេចោលនូវគ្រឿងញៀន១២៦,៣១គីឡូក្រាម មានដូចជា៖ មេតំហ្វេតាមីន ហេរ៉ូអ៊ីន ម៉ាទឹកកក អ៊ិចស្តាស៊ី ជាដើម៕