(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំង នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ នៅខណ្ឌជ្រោយចង្វា។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា បានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ដោយទី១៖ ស្ថិតនៅការដ្ឋានបូមខ្សាច់ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានឃាត់ជនជាតិវៀតណាម សរុបចំនួន១៧នាក់ ក្នុងស្រី០២នាក់។ ដោយឡែកទីតាំងទី២៖ ស្ថិតនៅម្តុំផ្សារព្រែកខ្វិត សង្កាត់ព្រែកលៀប ឃាត់ខ្លួនជនជាតិវៀតណាមចំនួន០៤នាក់ ក្នុងស្រី០២នាក់។
បើតាមប្រធាននាយកដ្ឋានរូបនេះ ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង២១នាក់នេះ កម្លាំងជំនាញរកឃើញថាបានលួចឆ្លងដែនចូលស្នាក់នៅ និងធ្វើការខុសច្បាប់ គ្មានសៀវភៅការងារ។ បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕