(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវ បានចេញមកព្រមានធ្ងន់ៗជាថ្មីម្ដងទៀតហើយ និងបញ្ជាឲ្យចាត់វិធានការភ្លាមៗ ដើម្បីចាប់រថយន្ដធុនធំ ដឹកដី ដឹក ខ្សាច់ គ្រប់ប្រភេទ ដែលធ្វើចរាចរណ៍គ្មានសណ្ដាប់ធ្នាប់លើដងផ្លូវជាតិលេខ៥ និងផ្លូវ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលធ្វើឲ្យមានការរិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ដោយក្នុងករណីម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ទាំងនោះ រួមជាមួយអ្នកបើកបររថយន្ដផងដែរ មិនព្រមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរមានសមត្ថកិច្ចទេនោះ ប្រហែលជាអាចប្រឈមនឹងការបិទអាជីវកម្មចោល។
ការព្រមានធ្ងន់ៗ ទៅលើម្ចាស់អាជីវកម្ម តាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដធុនធំ ដឹកដី ដឹកខ្សាច់គ្រប់ប្រភេទនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅសាលប្រជុំនៃសាលាខណ្ឌឬស្សីកែវ ដើម្បីពិគ្រោះប្ដូយោបល់ធ្វើយ៉ាងណាត្រូវជួយសហការបញ្ជៀសឲ្យបាននូវការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ។
លោក ប្រាជ្ញ សីហា បានលើកឡើងថា ការអញ្ជើញទាំងម្ចាស់អាជីវកម្មដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដ ដឹកដី ដឹកខ្សាច់ មកក្នុងថ្ងៃនេះ គឺដើម្បីពិភាក្សាលើការថែទាំសម្អាតតាមដងផ្លូវសាធារណៈ ដោយការដឹកដី ដឹកខ្សាច់ជ្រុះធ្លាក់រប៉ាត់រប៉ាយទាំងគ្មានសណ្ដាប់ធ្នាប់លើផ្លូវ ដោយសារការប្រកបអាជីវកម្មផ្សេងៗរបស់ក្រុមហ៊ុននីមួយៗ។
លោក ប្រាជ្ញ សីហា បញ្ជាក់ថា ក្នុងកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ត្រូវតែឯកភាពគ្នា តាមបទដ្ឋានបច្ចេកទេសមួយចំនួនដូចជា គ្រប់ដេប៉ូខ្សាច់ទាំងអស់ ត្រូវមានកន្លែងលាងកង់រថយន្ដឲ្យបានត្រឹមត្រូវ មុននិងចេញពីដេប៉ូ ដោយតម្រូវបែងចែកក្រុមអាជីវកម្មដេប៉ូខ្សាច់ជាពីរក្រុម ដើម្បីទទួលខុសត្រូវឲ្យបានខ្ពស់លើការសម្អាតផ្លូវជាតិលេខ៥ និងផ្លូវ៥៩៨ «ហៅផ្លូវជាសុផារ៉ា» ហើយក្រុមទី១៖ទទួលសម្អាតផ្លូវជាតិលេខ៥ មានដូចជា ដេប៉ូខ្សាច់លោក ង៉ូវ ចាន់ណា ដេប៉ូខ្សាច់លោក ខៃ ណារិន ដេប៉ូខ្សាច់លោក ឯល គ្រីយ៉ា និងក្រុមទី២៖ទទួលសម្អាតលើផ្លូវ៥៩៨ «ហៅផ្លូវជាសុផារ៉ា» រួមមានដេប៉ូខ្សាច់លោក លី គឹមហេង ដេប៉ូខ្សាច់លោក ញឹក ផន ហៅតាកៅ ដោយត្រូវសម្អាតផ្លូវទាំងពីរខ្សែនេះ រយៈពេល២ដងក្នុងមួយសប្ដាហ៍ គឺថ្ងៃអង្គារ និងថ្ងៃសុក្រ។
លោកបន្តថា ពាក់ព័ន្ធការព្រមានចាប់រថយន្ដយកមករក្សាទុកនេះដែរ ទាំងម្ចាស់អាជីវកម្មដេប៉ូខ្សាច់ ក៏ដូចជា អ្នកបើកបររថយន្ដ នៅតែមិនអនុវត្តន៍ ហើយគគ្លើន មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចទេនោះ ប្រហែលជាអាចប្រឈម និងការបិតអាជីវកម្មចោល ព្រោះក្នុងនាមលោក ជាអាជ្ញាធរ ទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់សាធារណៈ លោកមិនព្រមឲ្យប្រជាពលរដ្ឋ រិះគន់ម្ដងហើយម្ដងទៀត បានជាដាច់ខាត។ ដូចនេះសូមឲ្យម្ចាស់អាជីវកម្មតាមដេប៉ូខ្សាច់ និងអ្នកបើកបររថយន្ដ ដឹកដី ដឹកខ្សាច់ ចាំបាច់ត្រូវតែជួយសហការធ្វើយ៉ាងណាបញ្ជៀសឲ្យបាននូវផលប៉ះពាល់ និងការរិះគន់ពីប្រជាពលរដ្ឋ មកលើអាជ្ញាធរដែលកំពុងអនុវត្តច្បាប់។
បើទោះជាយ៉ាងនេះក្ដី លោកអភិបាលរងខណ្ឌរូបនេះ សូមថ្លែងអំណរគុណផងដែរ ចំពោះអស់លោក ដែលជាតំណាង ក៏ដូចជាម្ចាស់អាជីវកម្មក្រុមហ៊ុនដេប៉ូខ្សាច់នីមួយៗ និងអ្នកបើកបររថយន្ដដឹកដី ដែលបានចូលរួមសហការណ៍ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមថែរក្សាបាននូវ អនាម័យ និងលើកកម្ពស់ សោភណ្ឌ័ភាព រាជធានីភ្នំពេញ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ៕