(ភ្នំពេញ)៖ លោកស្រី គុណ លំអង ត្រូវបានគណបក្សសមរង្ស៊ី ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធ ដើម្បីជំនួសតំណែង លោក ហុង សុខហួរ ជាប្តីរបស់លោកស្រី ដែលបានលាលែងពីតំណែងកាលពីខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកនេះ។
លោក ម៉ម ប៊ុននាង បានបញ្ជាក់បន្ថែមថា ការប្រកាសទទួលស្គាល់ភាពជាសមាជិកព្រឹទ្ធសភារបស់ លោកស្រី គុណ លំអង នឹងធ្វើឡើងនៅក្នុងសម័យប្រជុំព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាព សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ប៉ុន្តែទោះជាយ៉ាងណាតំណែងរបស់លោកស្រី ត្រូវពឹងផ្អែកលើសំឡេងគាំទ្រ៥០បូក១ នៅក្នុងព្រឹទ្ធសភា។
បើតាមលោក ម៉ម ប៊ុននាង, លោកស្រី គុណ លំអង ដែលឈរតំណាងនៅភូមិភាគជាមួយលោក ហុង សុខហួរ អាចក្លាយជាបេក្ខភាពសមាជិកព្រឹទ្ធសភា នាពេលនេះបាន ដោយសារតែអ្នកឈរលេខរៀងបម្រុង២នាក់ ដែលនៅខាងមុខលោកស្រី បានលាលែងពីតំណែងនាពេលថ្មីៗនេះផងដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី បានសរសេរលិខិតលាលែងពីតំណែង ស្របគ្នាជាមួយនឹង លោក មាជ សុវណ្ណរ៉ា និង លោក អ៊ុ សំអាន ដែរ។
មូលហេតុនៃការលាលែងនេះ ត្រូវបានអ្នកទាំងបីបញ្ជាក់ថា ដោយសារមូលហេតុផ្ទាល់ខ្លួន ប៉ុន្តែអ្នកវិភាគមួយចំនួនបានលើកឡើងថា ការលាលែងនេះ ដោយសារមូលហេតុខ្លាចរលាយបក្សតែប៉ុណ្ណោះ ដោយសារតែច្បាប់ស្តីពីគណបក្សនយោបាយដែលរៀបចំថ្មី មានលក្ខណៈតឹងរឹងជាមុន៕