(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមថ្មី លោក គួច ចំរើន ដែលត្រូវបានព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្ត ជំនួសលោក លន់ លឹមថៃ ដែលចូលនិវត្តន៍នោះ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ដោយឡែកនៅរសៀលថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង នឹងអញ្ជើញទៅប្រកាសតែងតាំងអភិបាលខេត្តត្បូងឃ្មុំថ្មី លោក លី ឡេង ជំនួសលោក ប្រាជ្ញ ច័ន្ទ ដែលចូលនិវត្តន៍។
ចំណែកនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ សម្ដេច ស ខេង នឹងចូលរួមប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញផ្លូវការ របស់លោក ឃួង ស្រេង ជំនួសលោក ប៉ា សុជាតិវង្សផងដែរ៕