(ភ្នំពេញ)៖ ក្រោយពេលគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ចាត់ទុកថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ មិនទាន់បំពេញលក្ខខណ្ឌពេញលេញ តាមគោលការណ៍សេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ, នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានចេញសេចក្តីថ្លែងការណ៍ច្រានចោលភ្លាមៗ ដោយចាត់ទុកថា ការនិយាយរបស់ CNRP ក្នុងសេចក្តីថ្លែងការណ៍នោះ គឺជាការមួលបង្កាច់គ្មានការពិត គ្មានមូលដ្ឋានច្បាស់លាស់ និងសូមថ្កោលទោសយ៉ាងដាច់អហង្កា។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ CPP ដែលអង្គភាព Fresh News ទើបទទួលបាននៅមុខនេះបន្តិចនាយប់ថ្ងៃនេះបានបញ្ជាក់ថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ CNRP ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៧នេះ គណបក្សសង្រ្គោះជាតិ បាននិយាយមួលបង្កាច់ការពិត ពាក់ព័ន្ធនឹងការផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ ថាមានភាពលម្អៀង មិនឯករាជ្យ និងមានការើសអើងដោយថា នៅថ្ងៃយុទ្ធនាការឃោសនា បោះឆ្នោតចុងក្រោយ ទូរទស្សន៍ឯកជនទាំងអស់ បានផ្សាយបន្តផ្ទាល់អំពីយុទ្ធនាការ ឃោសនាបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា តែមិនផ្សាយពីយុទ្ធនាការបោះឆ្នោត របស់គណបក្សដទៃ។ អំពើល្មើសច្បាប់ ល្មើសក្រមសីលធម៌របស់ប្រព័ន្ធផ្សព្វផ្សាយ គ.ជ.ប មិនបានចាត់វិធានការណ៍ភ្លាមៗ ដោយផ្អាកការផ្សាយ ឬធ្វើការពិន័យឡើយ។ ផ្ទុយទៅវិញ គ.ជ.ប បានទុកឱកាសឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សាយតាមអំពើចិត្ត រហូតដល់ចប់ថ្ងៃយុទ្ធនាការឃោសនាបោះឆ្នោត។
ពាក់ព័ន្ធការមួលបង្កាច់គ្មានមូលដ្ឋាននេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយឯកជនទាំងអស់ បានអនុវត្តត្រឹមត្រូវតាមច្បាប់ និងគោលការណ៍ ក្រមសីលធម៌កំណត់ដោយ គ.ជ.ប។ ចំពោះការផ្សព្វផ្សាយបន្តផ្ទាល់ ឲ្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃបញ្ចប់យុទ្ធនាការបោះឆ្នោត គឺអាស្រ័យដោយគណបក្សប្រជាជនកម្ពុជា បានចុះកិច្ចសន្យាជួលទូរទស្សន៍ ឯកជនឲ្យផ្សព្វផ្សាយតាមគោលការណ៍ អនុញ្ញាតដោយច្បាប់ និងគោលការណ៍ ក្រមសីលធម៌របស់ គ.ជ.បយ៉ាងត្រឹមត្រូវ។ ការដែលប្រព័ន្ធទូរទស្សន៍ មិនបានផ្សាយឲ្យគណបក្សប្រឆាំង ដោយសារគណបក្សប្រឆាំងនេះ មិនបានទៅទាក់ទងចុះកិច្ចសន្យាជួលការផ្សាយឡើយ។
ក្នុងសេចក្តីថ្លែងការរបស់ CPP បានសង្កត់ធ្ងន់ថា «អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការនិយាយមួលបង្កាច់ គ្មានការពិត និងគ្មានការទទួលខុសត្រូវ របស់គណបក្សសាង្គ្រោះជាតិ ដែលធ្វើឲ្យមានការភាន់ច្រឡំដល់សាធារណៈមតិជាតិ និង អន្តរជាតិយ៉ាងធ្ងន់ធ្ងរ»។
សូមជម្រាបថា នៅថ្ងៃទី២៦ ខែមិថុនានេះ CNRP បានចេញសេចក្តីថ្លែងការណ៍ដោយចាត់ទុកថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិ៤ មិនទាន់បានបំពេញលក្ខខណ្ឌពេញលេញ តាមគោលការណ៍ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែនៅយប់ថ្ងៃដដែលនេះ គណបក្សប្រជាជនកម្ពុជា បានទាត់ចោលភ្លាមៗចំពោះការលើកឡើងរបស់គណបក្សសង្គ្រោះជាតិ៕