(ភ្នំពេញ)៖ ក្រុមហ៊ុន UNITED AUTO TRADING CO.,LTD ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្តម៉ាក Chevrolet នៅលើទីផ្សារកម្ពុជា បានបង្ហាញរថយន្តស៊េរីថ្មីមួយទៀត ជូនអតិថិជន នូវម៉ូឌែល CRUZE និង MALIBU ពិតជាទទួលបាន ការចាប់អារម្មណ៍ខ្ពស់មែន។
ពិធីបង្ហាញនេះដែរបានធ្វើឡើងនៅអគារតាំងបង្ហាញរថយន្តChevrolet តាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី សង្កាត់ទឹកថ្លៃ ខណ្ឌសែនសុខ កាលពីចុងសប្តាហ៍នេះ។
តំណាងក្រុមហ៊ុនលក់រថយន្តChevrolet នៅកម្ពុជាបានឲ្យដឹងថា រថយន្តស៊េរីចុងក្រោយទាំងពីរម៉ូឌែលនេះ ទទួលបានការឆ្លើយតបជាវិជ្ជមានយ៉ាងខ្លាំងក្រោយ ការបង្ហាញខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូត និងនៅជុំវិញសកលលោក ហើយរថយន្តទាំងពីរម៉ូឌែលនេះ ត្រូវបានរំពឹងទុកថានឹងធ្វើអោយប្រជាជនកម្ពុជា មានការចាប់អារម្មណ៍ខ្លាំងដូចគ្នានឹងប្រជាជននៅជុំវិញសកលោកផងដែរ។
លោកប៉ែន ពិសិដ្ឋ នាយកគ្រប់គ្រងក្រុមហ៊ុនលក់រថយន្ត Chevrolet បានឱ្យដឹងថា ជាមួយនឹងរូបរាងដ៏ប្រណីតទាន់សម័យ បំពាក់ជាមួយនូវបច្ចេកវិទ្យាចុងក្រោយរួមទាំងម៉ាស៊ីនជំនាន់ថ្មី ក្នុងការជួយសន្សំសំចៃសាំងរថយន្តស៊េរីថ្មី ម៉ូឌែល ទាំងពីរនេះ នឹងលើកកម្ពស់ដល់ការលក់របស់ផលិតផលរថយន្តChevrolet នៅក្នុងទីផ្សារកម្ពុជាកាន់តែមានកំណើនឡើង។
លោកបន្តថា រថយន្តស៊េរីថ្មី ម៉ូឌែល Cruze ជារថយន្តលក់ដាច់បំផុតរបស់ Chevrolet នៅជុំវិញពិភពលោក។
រថយន្តប្រណីតមួយនេះ បំពាក់ដោយលក្ខណៈពិសេសថ្មីៗ រួមមានប្រពន្ធ័សុវត្ថិភាពជាច្រើន ក៏ដូចជាប្រពន្ធ័បច្ចេកវិទ្យាកម្សាន្ត ជាច្រើនផងដែរ ដោយផ្គួបផ្សំផ្នែកខាងក្នុងធំទូលាយផ្ដល់នូវផាសុកភាព។ ការរចនាដ៏ប្រណីតរបស់រថយន្តChevrolet ស៊េរីថ្មីម៉ូឌែល Cruze ត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់អ្នករចនាម៉ូត ក៏ដូចជាវិស្វករដ៏ជំនាញរបស់ Chevrolet ក្នុងការដាក់រថយន្ត Cruze ដើម្បីពិសោធន៍ និងបើកបរសាល្បងក្នុងរ៉ូងខ្យល់។
លោកបន្តថា ក្រុមហ៊ុននូវតែរក្សានូវគុណសម្បត្តិដើមរបស់រថយន្ត Cruze & Malibu និងធ្វើឱ្យកាន់តែអស្ចារ្យឡើងជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Chevrolet ជាការបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការផ្ដល់ជូនអតិថិជនរបស់ខ្លួន នូវអ្វីដែលល្អ បំផុតចំពោះវត្តមានអស់រយៈពេល៥ឆ្នាំ របស់Chevrolet ក្នុងព្រះរាជាណាចក្រកម្ពុជា៕