(បាត់ដំបង)៖ លោកទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៦ ខែមិថុនានេះថា នៅថ្ងៃនេះកងកម្លាំងដោះមីនរបស់ស៉ីម៉ាក់ បានធ្វើការដោះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ២៧៣គ្រាប់បន្ថែមទៀត នៅក្នុងភូមិសាស្ត្រ ភូមិស៊ុង១ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនោះ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនឹងបានរាយការណ៍ មកអាជ្ញាធរមានសមត្ថកិច្ច ក្នុងនោះមានគ្រាប់ ៦០មីល្លីម៉ែត្រចំនួន១៥៣គ្រាប់ គ្រាប់៨២មីល្លីម៉ែត្រចំនួន១១២គ្រាប់ គ្រាប់បែកដៃ៥គ្រាប់ គ្រាប់ B40 ចំនួន១គ្រាប់ គ្រាប់ Recoilees Type65 ១គ្រាប់ និងគ្រាប់ក្បាលផ្ទុះ១គ្រាប់ សរុបទាំងអស់២៧៣គ្រាប់។
លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា បច្ចុប្បន្នគ្រាប់យុទ្ធភណ្ឌទាំងនោះ ត្រូវបានមន្ត្រីស៉ីម៉ាក់ដោះ យកទៅទុកក្នុងឃ្លាំងសុវត្ថិភាព រង់ចាំកម្ទេចចោលនៅពេលក្រោយ។
អនុប្រធានអាជ្ញាធរមីនរូបនេះ បានបញ្ជាក់ទៀតថា គិតទាំងលើកនេះ នៅទីតាំងខាងលើ កម្លាំងជំនាញបានប្រមូលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានជាង៣ពាន់គ្រាប់ហើយ ប៉ុន្តែនៅសល់ប្រមាណពី៤ម៉ឺន ទៅ៥ម៉ឺនគ្រាប់ទៀត ដែលត្រូវបានទ័ពសម័យសង្គ្រាមលាក់ទុក ហើយទីតាំងនោះជាកន្លែងដែលលោកធ្លាប់គ្រប់គ្រង់ ដែលមានមេកងពលចំនួន២រូប ជាអ្នកទទួលខុសត្រូវ។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានឲ្យដឹងបន្ថែមថា ដើម្បីដោះស្រាយរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសល់រាប់ម៉ឺនគ្រាប់នេះ អាជ្ញាធរមីនកំពុងដាក់ផែនការឲ្យកម្លាំងស៉ីម៉ាក់ បន្តយុទ្ធនាការរំដោះគ្រាប់ទាំងនោះ និងស្នើសុំជំនួយថវិកាបន្ថែមពីរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសូមកុំប៉ះពាល់ និងត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីដោះស្រាយភ្លាមៗ ពិសេសប្រជាពលរដ្ឋនៅតំបន់សំឡូតតែម្តង៕