(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបប្រជុំពិភាក្សាការងារជាមួយលោក Dmitry Tsvetkov អគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបនោះ លោករដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានឯកភាពលើប្រធានបទសំខាន់ ៤ចំណុច រួមមាន៖ ទី១៖ ជំរុញការតភ្ជាប់ជើងហោះហើរពីប្រទេសរុស្ស៊ីមកកម្ពុជា ពិសេសតំបន់ឆ្នេសមុទ្រ, ទី២៖ រៀបចំបញ្ចីគម្រោងអភិវឌ្ឍផលិតផលទេសចរណ៍ ពិសេសនៅតាមតំបន់ឆ្នេរសមុទ្រកម្ពុជាជូនភាគីរុស្ស៊ី, ទី៣៖ រៀបចំទស្សនកិច្ចធុរកិច្ចមួយ (FAM TRIP) ពីសហព័ន្ធរុស្ស៊ីមកប្រទេសកម្ពុជា និងទី៤៖ រៀបចំឲ្យមានកិច្ចជំនួបធុរកិច្ចរវាងអ្នកវិនិយោគរុស្ស៊ី និងដៃគូរធុរកិច្ចទេសចរណ៍កម្ពុជា ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការ រវាងវិស័យឯកជនទាំងពីរ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ទីផ្សារទេសចរណ៍រុស្ស៊ី គឺជាទីផ្សារយ៉ាងសំខាន់មួយក្នុងទ្វីបអឺរ៉ុប សម្រាប់អាស៊ាន ក៏ដូចជាសំខាន់សម្រាប់កម្ពុជា នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
សូមជម្រាបថា ក្នុងឆ្នាំ២០១៦ កន្លងទៅ ភ្ញៀវទេសចររុស្ស៊ីបានធ្វើដំណើរកម្សាន្តជុំវិញពិភពលោកមានចំនួនជាង ៣០លាននាក់ ក្នុងនោះមកតំបន់អាស៊ានប្រមាណ ៥លាននាក់។ ដោយឡែក ទេសចររុស្ស៊ីដែលបានមកទស្សនាប្រទេសកម្ពុជាវិញនោះ មានចំនួន ៥,១០៩៣នាក់៕