(ភ្នំពេញ)៖ នៅឆមាសទី១ឆ្នាំ២០១៧នេះ មនុស្ស៤៧នាក់បានស្លាប់ និង៤៨នាក់ផ្សេងទៀតរងរបួស ក្នុងនោះមានស្រីចំនួន១៤នាក់ បានស្លាប់ដោយសារតែបាតុភូតធម្មជាតិ គ្រោះរន្ទះបាញ់នៅកម្ពុជា ព្រមទាំងធ្វើឲ្យខូចខាតផ្ទះ៥ខ្នង និងមានសត្វពាហនៈ (គោ ក្របី) ងាប់ផងដែរ។ នេះបើតាមរបាយការណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបង្ហាញនៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០១៧នេះ។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ទទួលបន្ទុកអនុប្រធានប្រចាំការណ៍ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមក្នុងកម្មវិធី «បូកសរុបសភាពការណ៍គ្រោះមហន្តរាយឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០១៧» នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
តាមរបាយការណ៍ដដែលបានបន្ថែមថា បាតុភុតគ្រោះរន្ទះបាញ់នេះ បង្កឲ្យមានការប៉ះពាល់ និងខូចខាតច្រើន ប៉ុន្តែធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំកន្លងមក មានចំនួនតិចជាងប្រមាណ៥០ភាគរយ។
បើយោងតាមរបាយការណ៍ នៅក្នុងឆមាសទី១ឆ្នាំ២០១៧នេះ គ្រោះមហន្តរាយមានការប៉ះពាល់ និងខូចខាតដល់រាជធានី-ខេត្តចំនួន២១ កើតឡើង១១៣ករណី រួមមាន៖ ផ្ទះរលំ និងខូចធ្ងន់ធ្ងរចំនួន៣៥១ខ្នង, ផ្ទះរបើកដំបូល ជញ្ជាំង និងខូចខាតមធ្យម២៤១២ខ្នង, របើកដំបូលសាលារៀន២៤អគារ និងអគារផ្សេងៗ២៤អគារ, បាក់ខូចខាតដើមកៅស៊ូប្រមាណ៤៦០០ដើម (កំពុងធំ, ព្រះសីហនុ), រងគ្រោះស្លាប់០៣នាក់ របួស៤៧នាក់។ ដោយឡែក ការទទួលរងគ្រោះដោយសាររន្ទះបាញ់ ធ្វើឲ្យមនុស្សស្លាប់៤៧នាក់ ក្នុងនោះមានស្ត្រី១៤នាក់ និងរងរបួស៤៨នាក់ ងាប់គោក្របី៥០ក្បាល និងខូចខាតផ្ទះ៥ខ្នងផងដែរ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានស្នើដល់ស្ថាប័នពាក់ព័ន្ធឲ្យជួយពិនិត្យមើល និងជួយនាំយកស្បៀង និងគ្រឿងឧបភោគបរិភោគមួយចំនួន ដើម្បីជួយដល់ប្រជាជនដែលទទួលរងការខូចខាត នៅក្នុងខេត្តមួយចំនួនរួមមាន៖ ខេត្តឧត្តរមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ធំ, កំពង់ចាម, ព្រៃវែង, ស្វាយរៀង និងខេត្តតាកែវផងដែរ។
សូមបញ្ជាក់ថា ទាក់ទងទៅនឹងគ្រោះមហន្តរាយនេះផងដែរ ប្រមុខរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលរួមបរិច្ចាគវិភាគទានចំនួន១០ម៉ឺនដុល្លារ ដើម្បីរំលែកទុក្ខលំបាករបស់ប្រទេសស្រីលង្កា ដែលទទួលរងគ្រោះធម្មជាតិក្នុងខែឧសភាកន្លងទៅនេះ៕