(ភ្នំពេញ)៖ ក្នុងចំណោមកម្មវិធីពាក់ព័ន្ធបច្ចេកវិទ្យាចំនួន៣៧ ដែលបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជាឆ្នាំ២០១៧ (Cambodia ICT Awards 2017) បានរកឃើញកម្មវិធីចំនួន ១២តែប៉ុណ្ណោះ ត្រូវប្រកួតប្រជែងគ្នានៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះ។

ក្នុងចំណោមកម្មវិធីបច្ចេកវិទ្យាទាំង ១២នោះ ក៏មានកម្មវិធីចុះបញ្ជីយានយន្តបាមអនឡាញ ឬហៅថា ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជាប់ទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រផងដែរ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះនេះ ត្រូវបានលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែមករា ឆ្នាំ២០១៧។

ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះនេះ មានគោលបំណងធានាឲ្យការបម្រើសេវាសាធារណៈចុះបញ្ជីយានជំនិះជូនប្រជាពលរដ្ឋមានភាពឆាប់រហ័ស និងកាត់បន្ថយការចំណាយកម្រៃ ក្រៅផ្លូវការ ខុសពីតម្លៃដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អ្វីដែលពិសេសនោះប្រព័ន្ធនេះ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋទទួលបានសេវាចុះបញ្ជី រថយន្តរើសលេខ រថយន្តដោយខ្លួនឯង ដោយធ្វើការដាក់ពាក្យចុះបញ្ជី Online តាមរយៈអាសដ្ឋាន vehicle.mpwt.gov.kh សម្រាប់អ្នកដែលមានចំណង់ចំណូលចិត្ត ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា។ ក្រោយដាក់ពាក្យរួចប្រជាពលរដ្ឋអាចទៅទទួលសេវាចុងក្រោយតែម្តងគត់ នឹងទទួលបានបណ្ណសម្គាល់រថយន្ត និង កិបផ្លាកលេខតែម្តង។

លើពីនេះទៀត ប្រជាពលរដ្ឋអាចបង់ប្រាក់ ដោយខ្លួនឯងតាម Online ឬ តាមបញ្ជរបង់ប្រាក់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារមួយចំនួន។ សម្រាប់អ្នកមិនចេះប្រើបច្ចេកវិទ្យា ក៏នៅមានជម្រើសធ្វើការចុះបញ្ជីនៅតាមហាងលក់រថយន្ត ដែលត្រូវបានផ្តល់សិទ្ធិជូនដោយក្រសួង ឬប្រជាពលរដ្ឋក៏អាចទៅបញ្ជរផ្តល់សេវារដ្ឋក៏បាន។

និយាយជារួម ប្រព័ន្ធថ្មីនេះ ធ្វើឲ្យប្រជាពលរដ្ឋមានជម្រើសក្នុងការទទួលបានសេវាចុះបញ្ជីយានជំនិះរបស់ខ្លួនកាន់តែងាយស្រួល។

ក្នុងរយៈពេលជាងបួនខែ នៃការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ក្រសួងសាធារណការបានរកចំណូលចូលរដ្ឋបានជិត ១៦ពាន់លានរៀល គិតទាំងការចុះបញ្ជីលេខពិសេស ហើយក៏ទទួលបានការកោតសរសើរ និងគាំទ្រខ្លាំងពីប្រជាពលរដ្ឋផងដែរ។

តំណាងអ្នករៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT បានបញ្ជាក់ថា ការប្រកួតនេះ នឹងត្រូវជ្រើសរើសយកម្ចាស់ជយលាភីលេខ១ លេខ២ និងលេខ៣ ជាមួយទឹកប្រាក់រង្វាន់យ៉ាងច្រើនរហូតដល់១ម៉ឺនដុល្លារ ហើយមានឱកាសធ្វើជាតំណាងឲ្យប្រទេសកម្ពុជា ចូលរួមការប្រកួតថ្នាក់អាស៊ានថែមទៀតផង។

តំណាងអ្នករៀបចំដដែលបានបញ្ចាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីរកឃើញម្ចាស់ជយលាភីលេខ១ ដល់លេខ៣ហើយ ការប្រកាស និងផ្តល់ពានរង្វាន់នឹងត្រូវរៀបចំឡើង នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ នៅបរិវេណទីធ្លាសារមន្ទីរជាតិ។

សូមជម្រាបថា Cambodia ICT Awards 2017 នៅឆ្នាំនេះ មានបេក្ខជនតំណាងឲ្យក្រសួង និងក្រុមហ៊ុនចំនួន៣៧ បានដាក់ពាក្យចូលរួមប្រកួត។ នៅក្នុងវគ្គជម្រុះដំបូងគណៈកម្មការ ធ្វើការជ្រើសរើស បេក្ខជនតំណាងក្រសួង និងក្រុមហ៊ុនចំនួនតែ ២៦ប៉ុណ្ណោះ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧។

ពាន់រង្វាន់ Cambodia ICT Awards ឆ្នាំនេះអ្នកដែលទទួលបានជយលាភីលេខ១ ទទួលបានថវិកាចំនួន ១ម៉ឺនដុល្លារ (ឆ្នាំមុន៥ពាន់ដុល្លារ) ជយលាភីលេខ២ ទទួលបាន ៣ពាន់ដុល្លារ និងលេខ៣ ទទួលបានទឹកប្រាក់ ១ពាន់ដុល្លារ។

ម្ចាស់ជយលាភីនៃការប្រកួតប្រជែង កម្មវិធី Cambodia ICT Awards នឹងត្រូវទៅចូលរួមប្រកួតប្រជែងម្ចាស់ជយលាភី ICT Awards មកពីបណ្តាលប្រទេសក្នុងតំបន់អាស៊ាន ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ៕