(ព្រះវិហារ)៖ រយៈពេលប៉ុន្មានថ្ងៃ ដែលមេឃបានបន្តធ្លាក់ភ្លៀងជាប់ៗគ្នានោះ បានធ្វើឲ្យផ្លូវជាតិមួយកន្លែងនៅភូមិស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រងការលិចលង់ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរ។
ដោយបញ្ជៀសការលិចលង់ផ្លូវជាតិ ដោយសារជំនន់ទឹកភ្លៀង និងកាត់បន្ថយការពិបាកធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សហការជាមួយអជ្ញាធរស្រុកជាំក្សាន្ត បានយកគ្រឿងចក្រកាយរំដោះ ដើម្បីបង្ហូរធ្លាក់ទៅតាមប្រឡាយ និងស្រះនានាកុំឲ្យលិចផ្លូវតទៅទៀត។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារ Fresh News ថា ផ្លូវជាតិដែលរងការលិចលង់ ស្ថិតនៅចំណុច គម1+700 លើផ្លូវខេត្តលេខ2625 ក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត។ លោកបន្តថា មូលហេតុដែលនាំឲ្យជំនន់ទឹកភ្លៀងលិចផ្លូវ ដោយសារតែប្រជាពលរដ្ឋ ដែលជាម្ចាស់ក្រុមហ៊ុនបុស្បា កាយដីលប់លូ និងប្រឡាយធម្មជាតិ ហើយកន្លងមកមន្ទីរ បានធ្វើការណែនាំជាច្រើនដងតែមិនស្តាប់។ ដូច្នេះហើយនៅថ្ងៃនេះមន្ទីរបានយកគ្រឿងចក្រ ទៅកាយដើម្បីសម្រួលផ្លូវទឹក ឲ្យហូរធ្លាក់កុំឲ្យលិចផ្លូវតទៅទៀត។
លោក សំ លាងទ្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិនានា ពិសេសក្បែរលូបង្ហូរទឹក ត្រូវមានការប្រុងប្រយ័ត្ន កុំចោលកាកសំណល់ ឬសំរាមចូលទៅក្នុងលូ ដែលជាហេតុបង្កឲ្យមានការកកស្ទះ ទឹកលិចលង់ផ្លូវឬផ្ទះរបស់យើង៕