(តាកែវ)៖ ថ្នាក់ដឹកនាំ និងក្រុមការងារ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ (JCI ចតុមុខ) បានរៀបចំកម្មវិធីប្រគល់បណ្ណាល័យ ដែលជួសជុលហើយ និងសម្ភារៈសិក្សាដល់កុមារចំនួន៧០០នាក់នៅក្នុងសាលាបឋមសិក្សា ត្រពាំងកក់ ភូមិអង្គក្រលាញ់ ឃុំជាងទង ស្រុកតំាកក់ ខេត្តតាកែវ នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៧។ ក្រៅពីនោះ ក៏មានការ ប្រគល់ជូននូវបន្ទប់ទឹកចំនួន៥ ទៅដល់គ្រួសារដែលទីទាល់ក្រ។
លោក ហេង ហួន ប្រធានសាខាចតុមុខនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខ បានឲ្យដឹងថា JCI ចង់ចែករំលែកនូវសេចក្តីស្រលាញ់ លើការសិក្សាអប់រំ ដោយប្រមែប្រមូល យកសៀវភៅអានចាស់ៗ មកប្រើ សារជាថ្មី ហើយធ្វើការបរិច្ចាគទៅឱ្យបណ្ណាល័យក្នុងសហគមន៍។
លោក ហេង ហួន បានបន្តថា គោលដៅនៃគម្រោងនេះ គឺដើម្បីផ្សព្វផ្សាយនូវគុណសម្បត្តិនៃអក្ខរកម្ម និងការអប់រំ ក៏ដូចជាដើម្បីយកសៀវភៅអានចាស់ៗមកប្រើប្រាស់ជាថ្មីតាមរយៈការចែកចាយសៀវភៅទាំងនោះទៅកាន់ក្មេងៗដែលមានទេពកោសល្យ ដែលកំពុងជួបនូវ បញ្ហាកង្វះសៀវភៅសម្រាប់អាន។ គម្រោងនេះត្រូវបានបង្កើតឡើង ដើម្បីផលប្រយោជន៍សប្បុរសធម៌ និងសិស្សដែលកំពុង ជួបកង្វះខាតក្នុងតំបន់នោះផងដែរ ក៏ដូចជាដើម្បីជួយដល់ប្រជាជន ដែលមានកម្រិត ចំណេះដឹងទាបផងដែរ។
លោក ហេង ហួន បានបញ្ជាក់ថា ដោយមានការខិតខំប្រឹងប្រែងពីសមាជិកនៃ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាចតុមុខ ទាំងអស់គ្នា ឆ្នាំនេះ យើងក៏ទទួលបានការចូលរួមឧបត្ថម្ភគាំទ្រពី សមាជិកនៃសភាយុវពាណិជ្ជករ អន្តរជាតិ នៅប្រទេសជប៉ុន និងប្រទេសម៉ាឡេស៊ីផងដែរ។
គួរបញ្ជាក់ថា សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា គឺជាអង្គការអន្តរជាតិ មិនរកប្រាក់ចំណេញមួយ ដែលប្រមូលផ្តុំ ដោយ យុវពាណិជ្ជករ ដែលមានអាយុចន្លោះពី១៨ដល់៤០ឆ្នាំ ដែលបង្កើតឡើងនៅឆ្នាំ២០១១ហើយ បច្ចុប្បន្នមានសមាជិកសមាជិការជិត២០០នាក់ ហើយមានសាខាចំនួន៣ស្ថិតនៅក្រុងភ្នំពេញគឺសាខាចតុមុខ សាខាភ្នំពេញ និងសាខាមេគង្គ៕