(ភ្នំពេញ)៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្សបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកយករឿង «មន្រ្តីគ្រាប់ល្ពៅ» មកនិទានជូនសិស្ស និងសិក្ខាកាមទាំងអស់បានស្តាប់។ ការនិទានរឿងនេះ ក៏ដើម្បីជាគតិអប់រំសិស្ស សិក្ខាកាម ក៏ដូចជាមន្រ្តីផងដែរ ឲ្យពួកគេរៀបចំលក្ខណៈសម្បត្តិចេញបម្រើការងារជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
រឿងនិទាននេះ បានដំណាលថា ព្រះមាហាក្សត្រ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គនោះ ព្រះអង្គបានហៅមន្រ្តីឲ្យយកគ្រាប់ល្ពៅដែលបានស្ងោររួចយកទៅដាំ ដោយមិនបានឲ្យដឹងថាគ្រាប់ល្ពៅនេះស្ងោរនោះឡើយ។ តាមរយៈការពិសោធន៍នេះ ទទួលបានមន្រ្តី ៤ប្រភេទ។
មន្រ្តីប្រភេទទី១៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឲ្យដឹកចូល។
មន្រ្តីប្រភេទទី២៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។
មន្រ្តីប្រភេទទី៣៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំនោះទេ។
មន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឲ្យដុះម្តេចទៅ?។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រភេទមន្រ្តីទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។ សម្រាប់ប្រភេទទី២ ក៏មិនត្រូវទុកនោះដែរ ព្រោះជាមន្រ្តីភូតកុហកមិនអាចប្រើបាននោះទេ។
ចំពោះប្រភេទទី៣ សម្តេចនាយករដ្ឋមន្រ្តីថា ត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែម ព្រោះមិនដឹងថា គ្រាប់ល្ពៅនោះ ពិតជាកណ្តុះស៊ីម៉ែន ឬយ៉ាងណា?។
ដោយឡែកមន្រ្តីប្រភេទទី៤វិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តពេញថ្លើមបំផុត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាលបន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។ សម្តេចតេជោថា ការនិយាយត្រង់នេះ អាចឲ្យថ្នាក់លើបានដឹងពីការពិតនៅតាមមូលដ្ឋាន។
សូមបញ្ជាក់ថា រាល់ពេលអញ្ជើញចែកវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាល សម្តេចតេជោ ហ៊ុន សែន តែងនិទានរឿងមន្រ្តីគ្រាប់ល្ពៅនេះ ដើម្បីជាការទូន្មាន និងអប់រំដល់មន្រ្តីឲ្យធ្វើការងារដោយស្មោះត្រង់ ហើយមិនត្រូវផ្តល់របាយការណ៍ភូតកុហកនោះឡើយ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងលើ៖