(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីដែលចេះដោះស្រាយការងារប្រកបដោយភាពឈ្លាសវៃនៅពេលជួបបញ្ហា គឺជាមន្រ្តី ដែលល្អ ហើយមន្រ្តីដែលចេះត្រឹមតែរាយការណ៍ និងបន្ទោសថ្នាក់ក្រោមមិនគួរឲ្យកាន់ការងារនោះឡើយ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្ស និងសិក្ខាកាមទើបបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មន្រ្តីដែលមានការទទួលខុសត្រូវ ហើយផ្សារភ្ជាប់ខ្លួនជាមួយប្រជាជន គឺដោះស្រាយសភាពការណ៍នៅនឹងកន្លែង។ ប៉ុន្តែមានមន្រ្តីមួយប្រភេទទៀត ដែលមិនគួរប្រើប្រាស់នោះទេ គាត់ធ្វើកិច្ចការពីរសំខាន់ទី១ រាយការណ៍ឲ្យថ្នាក់លើ និងទី២ បន្ទោសថ្នាក់ក្រោម។ មន្រ្តីប្រភេទនេះមិនគួរទុកឲ្យកាន់ការទេ អ៊ីចឹងមន្រ្តីនេះគាត់ចេះត្រឹមតែប៉ុណ្ណឹង»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការធុញទ្រាន់ផងដែរ ចំពោះមន្រ្តីដែលចេះត្រឹមតែស្នើសុំយោបល់ និងមិនចេះដោះស្រាយបញ្ហា ដែលបានជួបប្រទះ។
ក្នុងពិធីជួបផ្តល់ដំបូន្មានដល់សិស្សបញ្ចប់ការសិក្សានៅសាលាភូមិន្ទ និងត្រៀមខ្លួនចេញបម្រើការងារជូនរដ្ឋ និងប្រជាជននាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការត្រៀមលក្ខណៈសម្បត្តិរបស់មន្រ្តីក្នុងការចេញបម្រើការងារ។ បើតាមសម្តេចតេជោ មានលក្ខណៈសម្បត្តិ៣សំខាន់ ដែលមន្រ្តីត្រូវប្រឹងត្រង់ត្រាប់រួមមាន៖ ការរៀបចំផែនការ, ការចាត់ចែងអនុវត្តន៍ និងការដោះស្រាយបញ្ហាដែលកើតឡើងដោយចៃដន្យ។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ការរៀបចំផែនការ គឺជារឿងសំខាន់មួយ ព្រោះការរៀបចំផែនការបានល្អ នោះនឹងបានផែនទីចង្អុលផ្លូវមួយដ៏ល្អប្រសើរសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជានៅតាមមូលដ្ឋាន។ ទន្ទឹមនឹងការរៀបចំផែនការបានល្អហើយ ការអនុវត្តន៍ លើផែនការនោះ ក៏រឹតតែសំខាន់ នឹងត្រូវយកចិត្តទុកដាក់បន្ថែម។
សម្តេចនាយករដ្ឋមន្រ្តីថា បើការរៀបចំផែនការបានល្អ តែមិនដាក់ឲ្យអនុវត្តន៍ផែនការនោះនឹងក្លាយជាគ្មានន័យ ហើយដើម្បីឲ្យការអនុវត្តន៍ ផែនការទទួលបានជោគជ័យ ការជ្រើសមនុស្សមានសមត្ថភាព ក៏ជារឿងសំខាន់ណាស់ផងដែរ។
បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ការរៀបចំផែនការ និងដាក់ឲ្យអនុវត្តន៍ គឺលទ្ធភាពទទួលបានជោគ ជ័យមានត្រឹម ៦០ភាគរយប៉ុណ្ណោះសម្រាប់ដំណាក់កាលទាំងពីរ រីឯ ៤០ភាគរយទៀត គឺត្រូវស្ថិតនៅលើការចេះចាត់ចែងដោះស្រាយបញ្ហាកើតឡើងដោយចៃដន្យនៅពេលអនុវត្តន៍ផែនការដែលបានដាក់ចេញ។ សម្តេចនាយករដ្ឋមន្រ្តីថា មន្រ្តីដែលចេះដោះស្រាយបញ្ហាកើត ឡើងដោយចៃដន្យ គឺជាមន្រ្តីមានឈ្លាសវៃនៅក្នុងការងារ។
នៅក្នុងកិច្ចសំណេះសំណាលនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើករឿងមន្រ្តីគ្រាប់ល្ពៅមកនិទានផងដែរ ដើម្បីជាគតិសម្រាប់មន្រ្តីរាជការ ក៏ដូចអ្នកត្រៀមចូលបម្រើការងារជាមន្រ្តីរាជការ។
រឿងនិទាននេះ គឺព្រះមាហាក្សត្រ ដើម្បីចង់ដឹងពីមន្រ្តីណាស្មោះត្រង់ជាមួយព្រះអង្គនោះ ព្រះអង្គបានហៅមន្រ្តីឲ្យយកគ្រាប់ល្ពៅស្ងោរ ទៅដាំ។ ចុងក្រោយទទួលបានមន្រ្តី ៤ប្រភេទចេញពីការពិសោធន៍ជាមួយផ្តល់គ្រាប់ល្ពៅនេះ។
មន្រ្តីប្រភេទទី១៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែកងការពារព្រះរាជវាំងមិនឲ្យចូល។
មន្រ្តីប្រភេទទី២៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន គឺផ្លែល្អណាស់ តែអត់បានដឹកមកនោះទេ។
មន្រ្តីប្រភេទទី៣៖ បានទូលស្តេចថា ល្ពៅ ដែលស្តេចប្រទាន ត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ។
មន្រ្តីប្រភេទទី៤៖ បានទូលស្តេចដោយត្រង់ៗថា ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោរ តើដាំឲ្យដុះម្តេចទៅ?។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រភេទមន្រ្តីទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកប្រភេទមន្រ្តីនេះធ្វើការនោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុស និងនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។ សម្រាប់ប្រភេទទី២ ក៏មិនត្រូវទុកនោះដែរ ព្រោះជាមន្រ្តីភូតកុហកមិនអាចប្រើបាននោះទេ។
ចំពោះប្រភេទទី៣ សម្តេចនាយករដ្ឋមន្រ្តីថា ត្រូវតែខិតខំបណ្តុះបណ្តាលបន្ថែម ព្រោះមិនដឹងថា គ្រាប់ល្ពៅនោះ ពិតជាកណ្តុះស៊ីម៉ែន ឬយ៉ាងណា។
ដោយឡែកមន្រ្តីប្រភេទទី៤វិញ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការពេញចិត្តពេញថ្លើមបំផុត ហើយត្រូវប្រឹងប្រែងបណ្តុះបណ្តាលបន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។ សម្តេចថា ការនិយាយត្រង់នេះ អាចឲ្យថ្នាក់លើបានដឹងពីការពិតនៅតាមមូលដ្ឋាន៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងលើ៖