Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសដល់សាធារណជនទាំងអស់ ជួយផ្តល់ព័ត៌មាន និងបទល្មើសអ្វីក៏ដោយ ដែលជនប្រព្រឹត្តយកឈ្មោះនាយឧត្តមសេនីយ៍ទៅប្រើខុសច្បាប់

26-06-2017 14:39

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្រកាសដល់សាធារណជនទាំងអស់នៅក្នុងប្រទេសកម្ពុជា ជួយផ្តល់ព័ត៌មាន និងបទល្មើសអ្វីក៏ដោយ បើសិនមានជនប្រព្រឹត្តល្មើសទាំងនោះ បានយកឈ្មោះរបស់នាយឧត្តមសេនីយ៍ទៅប្រើខុសច្បាប់ ក្នុងរូបភាពណាក៏ដោយ។

អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ដោយដកស្រង់សំដីនាយឧត្តមសេនីយ៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវសាធារណជន ជួយផ្តល់ព័ត៌មានទាក់ទង និងបទល្មើសអ្វីក៏ដោយដែលពាក់ព័ន្ធ និងខ្លួនខ្ញុំបាទនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីខ្ញុំបាទ រៀនសូត្រកែតម្រូវ ដើម្បីស័ក្កិសមជាអ្នកបំរើរាស្ត្រពិតប្រាដ។ សូមអរគុណការសហការផ្តល់ព័ត៌មានពិត»

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងទៀតថា «ខ្ញុំសូមប្រកាសបដិសេធ ជាឧឡារឹកជូនសាធារណជន ខ្ញុំពុំបាន និងមិនធ្លាប់ពាក់ព័ន្ធមុខរបបរកស៊ី ឬធ្វើខ្នងបង្អែកឲ្យជនល្មើសណាម្នាក់ទោះ បីដោយផ្ទាល់ ឬប្រយោលនោះឡើយ»