(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះព័ត៌មានរបស់កាសែតក្នុងស្រុកមួយ ដោយចោទទៅលើនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសថា ជាអ្នកនៅពីក្រោយខ្នង មន្រ្តីអាវុធហត្ថរកស៊ីដឹកឈើក្រញូងម្នាក់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាពេលថ្មីៗនេះ។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា «ខ្ញុំបាទសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា គឺជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំបង្ក្រាបបទល្មើសព្រៃឈើចាប់បានឈើល្មើសច្បាប់ចំនួនជាង៧ម៉ឺនម៉ែត្រត្រីគុណ ហើយត្រូវបានរាជរដ្ឋាភិបាល សម្រេចឲ្យមានការដេញថ្លៃយកថវិកានោះបម្រើក្នុងវិស័យអប់រំ មកដល់ពេលនេះ ការដេញថ្លៃទទួលបានជោគជ័យ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបម្រើជាតិតាំងពីគាត់ នៅវ័យក្មេងមានអាយុ១៦ឆ្នាំប៉ុណ្ណោះ ចំណែកឪពុកម្តាយ បងប្អូនរបស់គាត់ ត្រូវបានសម្លាប់អស់នៅក្នុងរបបប៉ុតពត។ នាយឧត្តមសេនីយ៍ តែងតែមានប្រសាសន៍ថា យើងហូបបាយតែមួយចានក្នុងមួយពេល ដូច្នេះយើងមិនត្រូវការអ្វីលើសពីនេះទៀតទេ យើងត្រូវសាងតែអំពីល្អ គោរពច្បាប់ មានសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ»។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានប្រាប់ទៅថ្នាក់ដឹកនាំកាសែតក្នុងស្រុកនោះថា បើលោកមានភស្តុតាងបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា ជាអ្នកនៅពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម្នាក់ សូមលោកបង្ហាញភស្តុតាងនៅចំពោះមុខតុលាការ នាយឧត្តមសេនីយ៍ ត្រៀមខ្លួនចំពោះមុខច្បាប់។
លោកបានបន្តទៀតថា «ខ្ញុំបាទសូមជម្រាបជូនអ្នកសារព័ត៌មាន និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា រាល់ការបញ្ចេញមតិនិងផ្សព្វផ្សាយព័ត៌មាន គឺជាសិទ្ធិសេរីភាព ប៉ុន្តែសិទ្ធិសេរីភាពនេះស្ថិតនៅក្នុងក្របខណ្ឌច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានដកស្រង់សំដីរបស់នាយឧត្តមសេនីយ៍ សៅ សុខា យ៉ាងដូច្នេះថា «ខ្ញុំសូមប្រកាសបដិសេធ ជាឧឡារឹកជូនសាធារណជន ខ្ញុំពុំបាន និងមិនធ្លាប់ពាក់ព័ន្ធមុខរបបរកស៊ី ឬធ្វើខ្នងបង្អែកឲ្យជនល្មើសណាម្នាក់ទោះ បីដោយផ្ទាល់ ឬប្រយោលនោះឡើយ»៕
នាយឧត្តមសេនីយ៍ សៅ សុខា ចុះបង្ក្រាបបទល្មើសព្រៃឈើនាពេលកន្លងទៅ
នាយឧត្តមសេនីយ៍ សៅ សុខា ពេលចូលរួមរំដោះប្រទេសជាតិ នាពេលអតីតកាល