(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មន្រ្តីទាំងអស់ ត្រូវធ្វើខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយនោះទេ ហើយមន្រ្តីត្រូវតែចេះរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ និងត្រូវចេះទទួលខុសនិងត្រូវ មិនមែនទទួលតែត្រូវ ហើយខុសទម្លាក់ឲ្យអ្នកដទៃនោះឡើយ។
សារជាដំបូន្មានរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនទៅសិក្ខាកាម និងសិស្សសាលាភូមិន្ទរដ្ឋបាលជាង ៧៥១អង្គ/នាក់ ទើបបញ្ចប់ការសិក្សា និងទទួលវិញ្ញាបនបត្រនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលមុននឹងពួកគេចេញទៅបំពេញការងារបម្រើជាតិ និងប្រជាជននាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាកើតចេញពីការដឹកនាំកម្លាំងតស៊ូរំដោះជាតិចេញពីភ្លើងសង្រ្គាមតាំងពីអាយុ ២៥ឆ្នាំនោះ បានផ្តល់ដំបូន្មានជាច្រើនដល់មន្រ្តីទើបបញ្ចប់ការសិក្សា ក៏ដូចជាមន្រ្តីកំពុងធ្វើការងារបម្រើរាជការ។
សម្តេចបានផ្តាំផ្ញើយ៉ាងដាច់ណាត់ឲ្យពួកគេខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ដោយដាក់ខ្លួនបន្ទាបកាយជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ ហើយមិនត្រូវតម្កើងខ្លួនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ។
ក្នុងសារជាដំបូន្មានដែលមិនសម្រាប់តែសិស្សទើបបញ្ចប់ការសិក្សា តែក៏ឆ្ពោះទៅមន្រ្តីដែលកំពុងតែបំពេញការងារបម្រើជាតិ និងប្រជាជនដែរនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងត្រូវយល់ឲ្យបានច្បាស់ថា យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយនាយរបស់ប្រជាជនទេ។ នេះជាចំណុចសំខាន់លើកដំបូងបំផុត ដែលមន្រ្តីទាំងអស់ត្រូវយល់ឲ្យច្បាស់អំពីតួនាទីរបស់ខ្លួន មិនមែនជាចៅហ្វាយទេ តែគឺជាខ្ញុំបម្រើរបស់ប្រជាជន»។
សម្តេចតេជោបានបន្ថែមថា «ពួកគាត់ (ប្រជាពលរដ្ឋ) គឺជាចៅហ្វាយ យើងគឺជាខ្ញុំបម្រើ។ អ៊ីចឹងត្រូវធ្វើម៉េចឲ្យចៅហ្វាយពេញចិត្ត នេះគឺជាបញ្ហាដែលអស់លោកត្រូវរៀបចំឥរិយាបថបែបណា? ដើម្បីឆ្លើយតបជាមួយចៅហ្វាយ ក្នុងពេលដែលចៅហ្វាយត្រូវការ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសជិត ៤០ឆ្នាំ និងបានធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាតាំងពីអាយុ ២៧ឆ្នាំនោះ ក៏ទូន្មានដល់មន្រ្តីថា មិនត្រូវធ្វើឥរិយាបថក្រអើតក្រទមដាក់ប្រជាពលរដ្ឋនោះទេ ហើយសម្តេចក៏បានលើកនូវសុភាសិតខ្មែរ «ងើយស្កក ឱនដាក់គ្រាប់» ជាគតិសម្រាប់មន្រ្តីរបស់រាជរដ្ឋាភិបាលក្នុងការបម្រើប្រជាពលរដ្ឋផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៅដល់មន្រ្តីថា ភាពក្រអើតក្រទមរបស់មន្រ្តី ក៏ជាបញ្ហាដែលនាំឲ្យប្រជាពលរដ្ឋមិនពេញចិត្ត ហើយត្រូវតែធ្វើការកែលំអរ។
សូមបញ្ជាក់ថា ពិធីចែកវិញ្ញាបនបត្រដល់សិស្សសាលាភូមិន្ទនាព្រឹកមិញនេះ គឺជាលើកទី២០ហើយ ហើយមកដល់ពេលបច្ចុប្បន្នមានសិស្ស និងសិក្ខា ដែលឆ្លងកាត់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាលចេញទៅធ្វើការងារបម្រើជាតិ និងប្រជាជនមានជាង ១ពាន់នាក់ហើយ។ រាល់ពិធីចែកវិញ្ញាបនបត្ររបស់សិស្សបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល តែងត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចក៏តែងឆ្លៀតយកឱកាសនេះទូន្មាន និងតម្រង់ទិសដល់សិស្ស និងសិក្ខាទាំងអស់នោះផងដែរ ដើម្បីជួយឲ្យការងារបម្រើប្រទេសជាតិ និងប្រជាជនកាន់តែល្អប្រសើរ៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នៅខាងលើ៖