(សៀមរាប)៖ លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានសម្តែងការគាំទ្រចំណាត់ការទប់ស្កាត់ការរីករាលដាល សំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ស្របពេលដែលសំណង់ខុសច្បាប់ បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះ ដែលបានធ្វើឲ្យរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក អាចនឹងប្រឈមនឹងបញ្ហាបើទប់ស្កាត់មិនបានទាន់ពេលទេនោះ។
ឆ្លើយតបនឹងបញ្ហានេះអាជ្ញាធរជាតិអប្សរា ក្នុងឋានៈជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ បានព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលបានលួចសាងសង់សំណង់ខុសច្បាប់ ដោយសុំឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនោះដោយខ្លួនឯងវិញ។ ចំពោះករណីដែលប្រជាពលរដ្ឋ មួយចំនួនទៀតមិនបានរុះរើដោយស្ម័គ្រចិត្តទេ ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាឲ្យបាននូវបេតិកភណ្ឌពិភពលោកអង្គរ អាជ្ញាធរជាតិអប្សរា មានភាពចាំបាច់ដើម្បីប្រើប្រាស់គោលការណ៍រដ្ឋបាល ចុះរុះរើសំណង់ខុសច្បាប់ទាំងនោះចេញ។
លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី២៨ នៃគណៈកម្មាធិការ ICC-Angkor ថា «និយាយអំពីសំណង់ថ្មីៗនៅក្នុងតំបន់១ និងតំបន់២ តាមពិតទៅសំណួរមួយនេះ ត្រូវបានអគ្គនាយកអាជ្ញាធរជាតិអប្សរា ឆ្លើយយ៉ាងក្បោះក្បាយល្អរួចហើយ តែយើងគ្រាន់តែចង់បន្ថែមបន្តិច ពួកយើងសូមសំដែងការសាទរដល់អាជ្ញាធរជាតិអប្សរា ដែលបានចាត់វិធានការទប់ស្កាត់ និងធ្វើការរុះរើរសំណង់ថ្មីៗខុសច្បាប់ នៅក្នុងតំបន់១ និងតំបន់២នេះ គឺជាការងារដែលមានក្នុងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា និងអង្គការ UNESCO»។
លោកស្រី Anne Lemaistre បន្ថែមទៀតថា «ដូច្នេះយើង សូមលើកទឹកចិត្តដល់អាជ្ញាធរអប្សរា ឲ្យបន្តក្នុងកិច្ចការពារតំបន់១ និងតំបន់២ និងការពារច្បាប់ឲ្យបានខ្លាំងតាមដែរអាចធ្វើទៅបាន។ អ្វីដែលយើងត្រូវនិយាយ និងសម្រេចចិត្ត គឺនៅខែធ្នូ ក្នុងកិច្ចប្រជុំ ICC-Angkor លើកក្រោយ ពួកយើងអាចនឹងមានរៀបចំសិក្ខាសិលាមួយស្ដីអំពីកិច្ចការអភិរក្ស ហើយខ្ញុំគិតថាសម្រាប់ពេលនេះយើងកំពុងមាន ដំណើរការល្អប្រសើរហើយ ដូច្នេះយើងពិតជាពេញចិត្តចំពោះដំណើរការនេះ»៕