(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេលជាង៥ខែ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន១០៦គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យចំនួន៨,១៩៦នាក់ ក្នុងនោះដែរកម្លាំងជំនាញ បានផ្សព្វផ្សាយអប់រំ ដល់មហាជនជាង៣លាននាក់។
ការលើកឡើងបែបនេះក្នុងឱកាសនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាអន្តជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលបន្ទុកការងារគ្រឿងញៀន, លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធ ដែលបានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្យ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងយ៉ាងដូច្នោះថា «ជាលទ្ធផលក្នុងរយៈពេលជាង ៥ខែ កន្លងមកនេះ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនបានទទួលលទ្ធផល គួរជាទីមោទនៈ ដោយក្នុងនោះ អនុវត្តផ្សព្វផ្សាយ អប់រំ ដល់មហាជនសរុប ៣,២៧៨,៩៩៧នាក់, បង្ក្រាបបទល្មើសសរុប ៣,៦៥៣ករណី ឃាត់ខ្លួនជនសង្ស័យ ៨,១៩៦នាក់ រឹបអូសសារធាតុញៀនសរុប ១០៦,២៦៩គីឡូក្រាម កញ្ឆាក្រៀម ១៣,៥៧៨គីឡូក្រាម និងដើមកញ្ឆា ១៤០,៤០០ដើម»។
នាយឧត្ដមសេនីយ៍ បន្ថែមទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងជំនាញបាន អញ្ជើញម្ចាស់អាជីវកម្ម និងពាក់ព័ន្ធមកស្ដាប់ការណែនាំចំនួន១១,៣៤៤នាក់ ក្នុងនោះកម្លាំងជំនាញ បានបិទអាជីវកម្មពាក់ព័ន្ធគ្រឿងញៀន៥កន្លែងផងដែរ។ អនុវត្តការងារព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន តាមមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមណ្ឌលបណ្ដោះអាសន្ន ប្រមាណជិត ៣ពាន់នាក់។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញរឹបអូស បានសម្ភារមួយចំនួនដូចជា៖ រថយន្ត ៤៩គ្រឿង ម៉តូ ៧៨១គ្រឿង ទូរស័ព្ទ ២,៤០២គ្រឿង ជញ្ជីង១៧៥គ្រឿង អាវុធខ្លី ៤ដើម និងអាវុធវែង៣ដើម៕