(ព្រះវិហារ)៖ រយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ មន្ត្រីជំនាញពាក់ព័ន្ធនៅខេត្តព្រះវិហារ បានបង្ក្រាបករណីជួញដូរគ្រឿងញៀនបាន២៤ករណី ដកហូតគ្រឿងញៀនប្រភេទគ្រាប់ ចំនួន១២៥៧.៣ក្រាម និងប្រភេទម្សៅម៉ត់បាន៧.៣៨ក្រាម។ នេះជាការបញ្ជាក់របស់លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងនៅក្នុងឱកាស ដែលលោកអញ្ជើញចូលរួមកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ។
នៅក្នុងកិច្ចប្រជុំនេះអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានថ្លែងថា ដោយផ្អែកតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រួសួងមហាផ្ទៃ មានគោលការណ៍លើកទឹកចិត្ត ដល់សមត្ថកិច្ចយើងដែលខិតខំបង្ក្រាបករណីគ្រឿងញៀនបើតាមគោលការណ៍ គឺសម្តេចក្រឡាហោម ផ្តល់ការលើកទឹកចិត្តដល់ការបង្ក្រាប បានគឺ១គីឡូក្រាម១ម៉ឺនដុល្លារអាមេរិក បន្ថែមលើសពីនោះ គឺសម្តេចក្រឡាហោម ស ខេង និងផ្តល់លិខិតសរសើរដល់សមត្ថកិច្ច ដែលមានស្នាដៃក្នុងការខិតខំបង្រ្កាបគ្រឿងញៀន ជូនដល់មន្ត្រីណាដែលខិតខំបំពេញការងាររបស់ខ្លួន។
លោក អ៊ុន ចាន់ដា បានស្នើឲ្យមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្តត្រូវធ្វើរបាយការណ៍ ឲ្យបានច្បាស់ស្តីពីលទ្ធផល ដែលបង្ក្រាបបានរៀងៗខ្លួន ដើម្បីទទួលយកថវិការលើកទឹកចិត្តនេះ មកបម្រើការនៅក្នុងអង្គភាពរបស់យើង។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ករណីគ្រឿងញៀននៅក្នុងខេត្តព្រះវិហារ ដែលនាំចូលតាមព្រំដែន ខ្មែ-ថៃ និងព្រំដែនខ្មែរឡើយគឺមានចំនួនតិចតួច និយាយរួមសឹងតែគ្មានផង គឺភាគច្រើននាំចូលមកពីខេត្តផ្សេងៗ ក្នុងប្រទេសយើងតែម្តង ដែលករណីនេះ សូមឲ្យសមត្ថកិច្ចរបស់យើងក៏ដូចជាអជ្ញាធរ ស្រុក ក្រុងទាំងអស់ ត្រូវបង្កើនការយកចិត្តត្រួតពិនិត្យ ឲ្យបានច្បាស់លាស់ ហើយត្រូវខិតខំបង្ក្រាបថែមទៀត ពិសេសលើបងប្អូនកម្មករនេះតែម្តង លោកអភិបាលខេត្ត បានសំណូមពរតាមបណ្តាកងឯកភាព ត្រូវត្រួតពិនិត្យមើលកងកម្លាំងរបស់ខ្លួន ធ្វើយ៉ាងណាឲ្យជៀសឆ្ងាយពីគ្រឿងញៀននេះ៕