(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូរដ្ឋសភា ត្រឡប់មកដល់កម្ពុជាវិញហើយ នៅវេលាម៉ោង១០៖៥០នាទីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោយបញ្ចប់ទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសឡាវ និងប្រទេសវៀតណាមរយៈពេល៥ថ្ងៃ។
ការត្រឡប់មកដល់របស់សម្ដេច ហេង សំរិន ក៏មានការទទួលស្វាគមន៍ពីមន្ដ្រីជាន់ខ្ពស់នៃរដ្ឋសភា និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ នៅអាកាសយាន្ដអន្ដរជាតិភ្នំពេញ។
សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅប្រទេសឡាវនាពេលនេះ ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស កម្ពុជា-ឡាវ ឲ្យកាន់តែរឹងមាំ ឡើងថែមទៀត ជាពិសេសការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ នៃស្ថាប័ននីតិប្បញ្ញត្តិ ប្រទេសទំាងពីរ។ សម្តេច ហេង សំរិន បានបំពេញទស្សនកិច្ច នៅប្រទេសឡាវ ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣មិថុនា។
ដោយឡែក បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា សម្ដេចប្រធានរដ្ឋសភា បានបន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការបំពេញទស្សនកិច្ចផ្លូវការ និងមិត្តរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ទៅកាន់ប្រទេសឡាវ និងប្រទេសវៀតណាម បញ្ចប់ទៅដោយភាពផ្លែផ្កាបំផុត៕