(ភ្នំពេញ)៖ រហូតដល់វេលាម៉ោងជាង៩៖០០ព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ សមាគមកម្ពុជាក្រោម បានយកញត្តិរបស់ខ្លួនដាក់ជូនរដ្ឋសភារួចហើយ ដោយមានគណៈកម្មការទទួលពាក្យបណ្តឹងរបស់រដ្ឋសភា ចេញមកទទួល ប៉ុន្តែទោះជាយ៉ាងណា ការដាក់ញត្តិនេះត្រូវបានធ្វើឡើង មិនមានការហែក្បួន ដូចការគ្រោងទុកនោះឡើយ។ នេះបើតាមការអះអាងរបស់ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ដែលបានបញ្ជាក់ប្រាប់ Fresh News នៅមុននេះ។
បើតាម លោក ថាច់ សេដ្ឋា, ញត្តិនេះ មានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណាស្នើដល់រដ្ឋសភា ឱ្យបញ្ចូលថ្ងៃទី០៤ មិថុនា រៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិកាន់ទុក្ខ នៃការបាត់បង់ទីកដីកម្ពុជាក្រោម ដែលអាណានិគមន៍បារាំង កាត់ទៅឱ្យវៀតណាម។
ប៉ុន្តែយ៉ាងណាក៏ដោយ ការស្នើឱ្យរដ្ឋសភាបញ្ចូលថ្ងៃទី០៤ មិថុនា រៀងរាល់ឆ្នាំ ជាថ្ងៃបុណ្យជាតិកាន់ទុក្ខ នៃការបាត់បង់ទីកដីកម្ពុជាក្រោមដែល អាណានិគមន៍បារាំង កាត់ទៅឱ្យវៀតណាមនេះ ធ្លាប់បានបរាជ័យម្តងរួចទៅហើយ កាលពីជំនាន់រដ្ឋសភា មានសម្តេចក្រុមព្រះជាព្រះប្រធាន។ នេះបើតាម លោក ថាច់ សេដ្ឋា។
ពាក់ព័ន្ធនឹងករណីនេះ លោក សុខ ឥសាន តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា តាំងពីឆ្នាំ១៩៤៩ រហូតមកដល់បច្ចុប្បន្ននេះ មានរាជរដ្ឋាភិបាលកម្ពុជាប្រមាណ ៧០រាជរដ្ឋាភិបាលហើយ ហើយក៏មិនមានរាជរដ្ឋាភិបាលមួយណា កំណត់យក ថ្ងៃទី០៤ ខែ មិថុនា ធ្វើជាទិវាបាត់បង់ដែនដីកម្ពុជាក្រោមនោះដែរ។
លោកបញ្ជាក់ទៀតថា ដូច្នេះការចង់ឲ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នយកថ្ងៃ០៤ ខែមិថុនា ធ្វើជាទិវាបាត់បង់ដែនដីកម្ពុជាក្រោម គឺមិនយុត្តិធម៌ សម្រាប់រាជរដ្ឋាភិបាលសព្វថ្ងៃនេះទេ។ រាជរដ្ឋាភិបាលបច្ចុប្បន្ន បានទទួលរងនូវផលវិបាកនៃប្រវត្តិសាស្ត្រ បន្សល់ទុកដោយអ្នកជំនាន់មុនតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមសមាគមកម្ពុជាក្រោមប្រមាណជាង២០០នាក់ បានជួបជុំគ្នានៅវត្តចាស់ ដើម្បីត្រៀមហែញត្តិទៅកាន់រដ្ឋសភា ហើយកម្លាំងសមត្ថកិច្ចជាច្រើននាក់ ក៏បានត្រៀមដើម្បីរារាំងចំពោះការដង្ហែក្បួន ដែលអាជ្ញាធរបានហាមឃាត់នេះ។ ទីបំផុត ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា ដែលដឹកនាំការជួបជុំគ្នានេះ បានសម្រេចមិនហែក្បួនថ្មើជើងនេះវិញ ដោយលើកគ្នាមួយចំនួនឡើងជិះរថយន្ត យកញត្តិទៅដាក់នៅរដ្ឋសភាតែម្តង៕