(ឧត្តរមានជ័យ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តែងតែគិតគូពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះជាដើម។  

លោករដ្ឋមន្រ្តីបន្តថា ជាក់ស្តែង អង្ករ១២តោន និងសម្ភារៈប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានចែកជូនបងប្អូនទាំងអស់នាពេលនេះដោយមិន ប្រកាន់និន្នាការនយោបាយឡើយ  ទោះតិចក្តីច្រើនក្តី ប៉ុន្តែវាក៏អាចជួយសម្រួលដល់ការលំបាកបានមួយរយៈដែរ ។

ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើងខណៈលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និង លោក ហុង ទូហាយ សមាជិកព្រឹទ្ធសភា លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ លោក យឹម ផន ប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ អញ្ជើញសំណេះសំណាល និង សួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនរងគ្រោះជយថាហេតុផ្សេងៗ ចំនួន ៦០០ គ្រួសារ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស អស់លោក លោកស្រី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋសរុបប្រមាណជិត ៧០០ នាក់។

ជាមួយគ្នានោះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាននេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ដែលបានបន្តការគាំទ្រដល់រាជរដ្ឋាភិបាលដឹកនាំ និងអភិវឌ្ឍន៍ ប្រទេសជាតិ។

លោក អភិបាលបានបន្តថា នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន ព្រោះថា មានតែរាជរដ្ឋាភិបាល កាន់អំណាច នាពេលបច្ចុប្បន្នទេ ដែលជានិច្ចកាលគិតគូរពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដោយបានកសាង ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ជាដើម ដើម្បីបំពេញនូវតម្រូវការរបស់បងប្អូនតាមមូលដ្ឋាន។

លោករដ្ឋមន្រ្តី វង សូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសមន្ទីរសង្គមកិច្ចខេត្តឧត្តរមានជ័យ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានសហការ រៀបចំ ពិធីនេះឡើង ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលដល់ការលំបាក របស់បងប្អូនដោយសារគ្រោះធម្មជាតិ បានទាន់ពេលវេលា ។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តី វង សូត បានជម្រាបឲ្យបងប្អូនប្រជាពលរដ្ឋដឹងពី វឌ្ឍភាពលើវិស័យសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាកន្លងមក ដែលក្រសួង បានខិតខំអនុវត្តគោលនយោបាយប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ជាពិសេសជំរុញអនុវត្តគោលនយោបាយសមធម៌សង្គម លើកតម្កើងជីវភាពរស់នៅរបស់ប្រជាជនក្នុងសង្គម បង្កើនការឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងស្មារតី បង្កលក្ខណៈផ្តល់សេវាសង្គមកិច្ច ជួយដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ជាអាទិ៍ៈ ជនក្រីក្ររងគ្រោះធម្មជាតិ គ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ជនក្រីក្រនៅតាមសហគមន៍ ជនចាស់ជរាគ្មានទីពឹង ជនអនាថា ជនពិការ កុមារនៃគ្រួសារក្រីក្រ កុមារកំព្រា កុមាររងគ្រោះ ផលប៉ះពាលដោយអំពើហឹង្សា កុមារប្រព្រឹត្តល្មើសច្បាប់ កុមារអនាថា ជនរងគ្រោះដោយសារធាតុញៀន ជនរងគ្រោះដោយជម្ងឺកាចសាហាវផ្សេងៗ និងដោយអំពើជួញដូរមនុស្សគ្រប់រូបភាព។

ជាមួយគ្នានេះ ក្រសួងក៏បានខិតខំទប់ស្កាត់ទុរគតភាព និងភាពងាយរងគ្រោះក្នុងសង្គម ការរំលោភបំពាន លើកស្ទួយសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីបង្កើតឡើងនូវស្ថានភាពរីកចម្រើនគ្រប់ៗគ្នាក្នុងសហគមន៍ និងអនុវត្តគោលនយោបាយរបបសន្តិសុខសង្គម និងកម្មវិធីនានា ដើម្បីលើកកម្ពស់តួនាទី និងសុខុមាលភាពរបស់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ។

ដើម្បីសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុង ជួបការលំបាក លោករដ្ឋមន្រ្តី វង សូតបាននាំយក អង្ករ២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ចំនួន២ម៉ឺនរៀល ចែកជូនប្រជាពលរដ្ឋ ទាំង ៦០០គ្រួសារ ដែលបានចូលរួមក្នុងពិធីនេះផងដែរ៕