សមាគមកម្ពុជាក្រោម ជួបជុំគ្នាប្រុងហែញត្ដិទៅរដ្ឋសភា ខណៈសមត្ថកិច្ចដាក់កម្លាំងរារាំង ដោយសារអាជ្ញាធរមិនអនុញ្ញាត
26-06-2017 09:33
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមសមាគមកម្ពុជាក្រោមមួយចំនួន បានជួបជុំគ្នានៅវត្តចាស់ ដើម្បីត្រៀមហែញត្តិទៅកាន់រដ្ឋសភា ប៉ុន្តែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចជាច្រើននាក់ ក៏បានត្រៀមដើម្បីរារាំងចំពោះការដង្ហែក្បួន ដែលអាជ្ញាធរបានហាមឃាត់នេះ។
ការជួបជុំគ្នានេះ ដឹកនាំដោយ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម។ គោលបំណង នៃការជួបជុំគ្នាហែញតិដាក់ជូនរដ្ឋសភានេះ គឺដើម្បីស្នើរដ្ឋសភា បញ្ចូលថ្ងៃទី ០៤ មិថុនា ជាថ្ងៃបុណ្យជាតិកាន់ទុក្ខ នៃការបាត់បង់ទីកដីកម្ពុជាក្រោម ដែលអាណានិគមន៍បារាំង កាត់ទៅឱ្យវៀតណាម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ សាលារាជធានីភ្នំពេញ ចេញសេចក្តីសម្រេចមួយ ដោយមិនអនុញ្ញាតឱ្យ លោក ថាច់ សេដ្ឋា ដឹកនាំការហែក្បួនដាក់ញត្តិនេះឡើយ។
ជាមួយគ្នានេះ សាលារាជធានី ក៏បានព្រមានដែរថា ក្នុងករណីនៅតែមានការជួបជុំដង្ហែក្បួនតាមដងផ្លូវ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយកសាធារណៈ លោក ថាច់ សេដ្ឋា ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕