(ភ្នំពេញ)៖ គណៈកម្មការបំផ្លាញគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ រៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ប្រមាណជាង១២៦គីឡូក្រាម ដែលបង្ក្រាបបានក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេស។
ពិធីដុតបំផ្លាញគ្រឿងញៀនដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្យនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរង ទទួលបន្ទុកការងារគ្រឿងញៀន, លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ, ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ដ្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ បានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនេះ មានចំនូន១២៦.៣០គីឡូក្រាម គឺបង្ក្រាបបានចាប់តាំងពីឆ្នាំ២០១៦មក ហើយក្នុងយុទ្ធនាការឆ្នាំ២០១៧នេះ ចាប់បាន១១៣គីឡូ ឃាត់ខ្លួន ៩,០០០នាក់។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ គណៈកម្មការនេះ ធ្លាប់បានធ្វើការដុតបំផ្លាញគ្រឿងញៀនអស់មួយចំនួនធំ ហើយបរិមាណគ្រឿងញៀននេះ ក្រុមឧក្រិដ្ឋជនបានយកគ្រឿងញៀនធ្វើជាជំនួញរបស់ខ្លួន ដែលបានពង្វក់ស្មារី អូសទាញដល់ជនស្លួតត្រង់ដែលបានប្រើប្រាស់ដោយបំពាន ពិសេសក្នុងស្រទាប់យុវវ័យឲ្យហ៊ានប្រព្រឹត្តបទល្មើសផ្សេងៗ៕