(ភ្នំពេញ)៖ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ត្រូវបានបង្ហាញជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចាស់ទុំជាងគេនៅកម្ពុជា នៅតែជាគណបក្សជាទីទុកចិត្តដ៏រឹងមាំបំផុតសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានបង្ហាញជំនឿចិត្តទៀតថា តាមរយៈលទ្ធផលនេះ គណបក្សប្រជាជនកម្ពុជា នឹងនៅតែបន្តទទួលបានជ័យជម្នះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៦ នាខែកក្កដា ឆ្នាំ២០១៨។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់លើទំព័រ Facebook របស់សម្តេចនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះថា «លទ្ឋផលផ្លូវការនេះ គឺបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ប្រជាពលរដ្ឋ និង យុវជនបានគាំទ្រ និងបោះឆ្នោតឲ្យគណបក្ស ប្រជាជនយ៉ាងច្រើនលើសលប់បំផុត»។
សម្តេចតេជោបន្តថា «គណបក្សប្រជាជនកម្ពុជា គឺនៅតែជាគណបក្សជាទីទុកចិត្តរបស់ប្រជាជននាំមុខដ៏រឹងមាំបំផុតនៅកម្ពុជា។ ជ័យជម្នះនៅពេលនេះ គឺបានបង្ហាញអោយឃើញកាន់តែច្បាស់បំផុតថា នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី០៦ នា ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះគឺ គណបក្សប្រជាជន កម្ពុជានឹងទទួលនូវជ័យជម្នះជាបន្តទៀតជាក់ជាមិនខាន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិការគណបក្ស និងជនរួមជាតិនៅទូទាំងប្រទេស ដែលបានគាំទ្រនិងបានបោះឆ្នោតឲ្យគណបក្សប្រជាជនដើម្បីថែរក្សាការពារសន្តិភាព និង បន្តការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត។
យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលប្រកាសនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ គណបក្សប្រជាជនកម្ពុជា ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន ១,១៥៦ ចំណែកគណបក្សសង្រ្គោះជាតិ ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន ៤៨៩ និងគណបក្សខ្មែររួបរួមជាតិទទួលបានមេឃុំចំនួន ១ផងដែរ។ លទ្ធផលបានឲ្យដឹងដែរថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រចំនួន ៣,៥៤០,០៥៦សំឡេង ស្នើនឹង ៥០.៧៦ភាគរយ រីឯគណបក្សសង្គ្រោះជាតិ ទទួលបានសំឡេងគាំទ្រចំនួន ៣,០៥៦,៨២៤សំឡេង ស្នើនឹង ៤៣.៨៣ភាគរយ៕