(ភ្នំពេញ)៖ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានផ្ញើលិខិតអបអរសាទរអស់ពីដួងចិត្តចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។

នៅក្នុងលិខិតជាភាសាចិនរបស់គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានសរសេរបញ្ជាក់ថា «សូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៃព្រះរាជាណាចក្រកម្ពុជា។ អស់រយៈកាលជាយូរណាស់មកហើយ គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពយ៉ាងល្អ និងបានដឹកនាំប្រទេស និងប្រជាជនកម្ពុជាអស់ពីសមត្ថភាព និងប្រកបដោយសាមគ្គីភាពខ្ពស់ ដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចឆ្ពោះទៅមុខ ក្នុងគោលដៅធានា និងកែលម្អជាលំដាប់នូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ យើងខ្ញុំសូមកោតសរសើរដោយអស់ពីចិត្តចំពោះសមិទ្ធិផលដ៏ត្រចះត្រចង់នេះ»

សូមជំរាបថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩៕