(ពិភពលោក)៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar ត្រូវបានគេហទំព័រ Skytrax ចាត់ទុកជាក្រុមហ៊ុនអាកាសចរណ៍ដែលបម្រើសេវាកម្មល្អបំផុត សម្រាប់ឆ្នាំ២០១៧នេះ នេះបើយោងតាមសារព័ត៌មាន Business insider ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ។

ក្រុមហ៊ុន Qatar ទើបតែទទួលបានពានរង្វាន់ក្នុងកម្មវិធី 2017 Paris Air Show កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ។ នេះជាលើកទីបួនហើយដែលក្រុមហ៊ុន ដ៏ល្បីល្បាញមួយនេះ ទទួលបានពានរង្វាន់កិត្តិយសនេះ គឺក្នុងនោះមានដូចជាឆ្នាំ២០១១ ២០១២ ២០១៥ និង២០១៧នេះ។

ខាងក្រោមនេះជាក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេទាំង២០លើពិភពលោក ដោយរាប់ចាប់ពីលេខរៀងទី២០ជាមុនសិន៖

២០៖ ក្រុមហ៊ុន Asiana
ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូង ជាក្រុមហ៊ុនផ្តល់សេវាកម្មដ៏ប្រសើរមួយ ដោយសារបុគ្គលិកល្អ យន្តហោះមានអនាម័យ ប្រើប្រាស់ផលិតផលលំដាប់ខ្ពស់។ ក្រុមហ៊ុននេះបច្ចុប្បន្ន ដាក់ដំណើរការយន្តហោះAirbus និងBoeing ប្រភេទល្បឿនលឿន និងកាន់តែទំនើបជាងមុន។

១៩៖ ក្រុមហ៊ុន Air New Zealand
សម្រាប់អតិថិជនលំដាប់ Economy class ដែលជិះជាលក្ខណៈគ្រួសារ ពួកគេអាចមានជម្រើសក្នុងការទទួលបានរចនាបទបែបថ្មី ដោយអាចផ្លាស់ប្តូរពីកៅអីអង្គុយចំនួនបីរបស់ខ្លួនទៅជាកន្លែងដែលទូលាយមួយ ហើយអាចធ្វើសកម្មភាពផ្សេងៗបានកាន់តែប្រសើរជាងមុន។

១៨៖ ក្រុមហ៊ុន Air France
បើទោះបីជាឆ្នាំនេះ ចំណាត់ថ្នាក់របស់ក្រុមហ៊ុនហាក់ធ្លាក់ចុះបន្តិច ប៉ុន្តែសេវាកម្មអាកាសចរណ៍ និងគុណភាពរបស់វានៅតែបន្តស្ថិតនៅលំដាប់ខ្ពស់មួយ។

១៧៖ ក្រុមហ៊ុន Austrian Airlines
ក្រុមហ៊ុននេះ បានព្យាយាមពុះពារជម្នះបញ្ហាវិវាទជាមួយបុគ្គលិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកម្រិតនៃការបម្រើសេវាកម្មនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។

១៦៖ ក្រុមហ៊ុន Japan Airlines
ជាក្រុមហ៊ុនអាកាសចរណ៍គួរជាទីគោរពបំផុតលើពិភពលោក។ ក្នុងគេហទំព័រ Skytrax បានលើកសសើរក្រុមហ៊ុននេះថាជាក្រុមហ៊ុនធំជាងគេទីពីរផ្នែក ការផ្តល់សេវាកម្មប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ តុបតែងបានស្អាត ចំណែកបន្ទប់យន្តហោះផ្តល់ភាពសុខស្រួល អារម្មណ៍ល្អដល់អតិថិជន។

១៥៖ក្រុមហ៊ុន Qantas
ក្រុមហ៊ុននេះទទួលបានការកោតសរសើរដោយសារការផ្តល់សេវាកម្មល្អដល់អតិថិជនប្រកបដោយភាពច្បាស់លាស់ និងផ្តល់ការកំសាន្តសម្រាប់អតិថិជននៅលើយន្តហោះមិនឱ្យមានភាពធុនទ្រាន់។ ក្នុងឆ្នាំ២០១៧នេះ ក្រុមហ៊ុន Qantas ទទួលបានពានរង្វាន់ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់កៅអីមានគុណភាពលំដាប់ ខ្ពស់មួយលើពិភពលោក។

១៤៖ ក្រុមហ៊ុន Swiss International Air Lines
អតិថិជនបានលើកសរសើរពីបុគ្គលិកក្នុងយន្តហោះដែលពោរពេញដោយភាពរួសរាយរាក់ទាក់ និងមានភេសជ្ជៈបម្រើជាច្រើនប្រភេទ។

១៣៖ ក្រុមហ៊ុន Virgin Australia
ក្រុមហ៊ុននេះធ្លាប់មានកំណើនចំណូលខ្ពស់ជាខ្លាំងក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វីច ចាប់តាំងពីការបើកដំណើរការកាលពីឆ្នាំ២០០០កន្លងទៅនេះ។ ក្រុមហ៊ុននេះប្រើប្រាស់យន្តហោះល្បឿនលឿន ប្រវែងវែង Boeing 777 និងAirbus A330 ដោយបំពាក់ជាមួយនឹងការតុបតែងខាងក្នុងប្រកបដោយភាពត្រជាក់ចិត្ត និងប្រព័ន្ធផ្តល់វីដេអូកំសាន្តប្រភេទ Touchscreen ទំហំ៩អ៊ីញ។

១២៖ ក្រុមហ៊ុន Turkish Airlines
ក្រុមហ៊ុននេះ មានយន្តហោះដែលធ្វើការហោះហើរទៅជាង១០០ប្រទេស និង២០០ទីក្រុង ទូទាំងពិភពលោក។ អតិថិជនសង្ឃឹមថា ក្រុមហ៊ុននេះនឹងផ្លាស់ប្តូរមូលដ្ឋានចំណតរបស់ខ្លួនទៅទីតាំងនៃការរងចាំ ការផ្លាស់ប្តូរយន្តហោះលំដាប់សកលលោក។

១១៖ ក្រុមហ៊ុន Thai Airway
ក្រុមហ៊ុននេះ ឈានមុខគេផ្នែកសេវាកម្មគុណភាព ហេតុនេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលឃើញថា ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក។ ម្ចាស់ក្រុមហ៊ុនក៏បានលើកឡើងថា កៅអីលំដាប់ Economy របស់ខ្លួន ក៏មានគុណភាពល្អផងដែរ។

១០៖ ក្រុមហ៊ុន Garuda Indonesia
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Garuda Indonesia បានប្រើប្រាស់យន្តហោះដែលអាចហោះហើរបានរយៈពេលខ្លីយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០១៧ បុគ្គលិកបម្រើការក្នុងក្រុមហ៊ុន Garuda ទទួលបានពានរង្វាន់ក្នុងនាមជាបុគ្គលិកយន្តហោះដ៏ប្រសើរបំផុតសម្រាប់រយៈពេលពីរឆ្នាំជាប់គ្នា។

៩៖ ក្រុមហ៊ុន Hainan Airlines
ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនអាកាសចរណ៍ចិនតែមួយគត់កាន់កាប់ដំណែងជាយន្តហោះលំដាប់ផ្កាយប្រាំ ប្រចាំនៅSkytrax។ ក្នុងរយៈពេលត្រឹមបីឆ្នាំ ក្រុមហ៊ុននេះ ប្តូរចំណាត់ថ្នាក់របស់ខ្លួនពីលេខរៀងទី២២ មកលេខរៀងទី១០។ ក្រុមហ៊ុននេះប្រើប្រាស់យន្តហោះល្បឿនលឿន ១៦០គ្រឿងជាយន្តហោះរបស់ក្រុមហ៊ុនBoeing និងក្រុមហ៊ុន Airbus។

៨៖ ក្រុមហ៊ុន Etihad Airlines
មានមូលដ្ឋាននៅទីក្រុង Abu Dhabi ប្រើប្រាស់យន្តហោះល្បឿនលឿនរបស់ក្រុមហ៊ុនAirbus និងBoeing ដែលធ្វើដំណើរទៅកាន់ជាង១០០គោលដៅទូទាំងពិភពលោក។

៧៖ ក្រុមហ៊ុន Lufthansa
ជាក្រុមហ៊ុនធំជាងគេនៅតំបន់អឺរ៉ុប ដែលជាប់ចំណាក់ថ្នាក់ក្នុងនាមជាក្រុមហ៊ុនអាកាចរណ៍លំដាប់ខ្ពស់ៗ ទាំង១០លើពិភពលោក។ អតិថិជនបានលើកសរសើរទៅក្រុមហ៊ុននេះ ផ្នែកសេវាកម្មអាចទទួលយកបាន និងផលិតផលប្រកបដោយគុណភាព។

៦៖ ក្រុមហ៊ុន EVA Air
ជាក្រុមហ៊ុនរបស់តៃវ៉ាន់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩។ ក្រុមហ៊ុននេះទទួលបានពានរង្វាន់ក្នុងនាមជាក្រុមហ៊ុនដែលមានយន្តហោះកៅអីប្រភេទ Business Class មានអនាម័យ និងមានភាពស្រស់ស្រាយបំផុត។

៥៖ ក្រុមហ៊ុន Cathay Pacific Airways
មានមូលដ្ឋាននៅទីក្រុងហុងកុង ជាក្រុមហ៊ុនគួរជាកោតសរសើរបំផុត ជាមួយនឹងយន្តហោះប្រភេទល្បឿងលឿនហោះហើរបានឆ្ងាយ Boeing 777-300ER។ ជាក្រុមហ៊ុនដែលប្រើប្រាស់យន្តហោះដែលមានបទពិសោធន៍ហោះហើរប្រសើរបំផុតក្នុងតំបន់អាស៊ី។

៤៖ ក្រុមហ៊ុន Emirates
ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ឌូបៃ បានអភិវឌ្ឍន៍ទៅជាក្រុមហ៊ុនដែលមានយន្តហោះអាចធ្វើដំណើរបានយូរជាងគេលើពិភពលោក និងប្រើប្រាស់យន្តហោះAirbus A380 ដែលមានទំហំធំ និងល្បឿនលឿន និងយន្តហោះ Boeing 777 ជាយន្តហោះដែលមានរូបរាងធំទូលាយ។

៣៖ ក្រុមហ៊ុន All Nippon Airways
ក្រុមហ៊ុន All Nippon Airways ជាក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិធំជាងគេក្នុងប្រទេស ជប៉ុន និងជាក្រុមហ៊ុនដែលប្រើប្រាស់យន្តហោះខ្នាតធំ និងល្បឿនលឿន Boeing 787 Dreamliner។

២៖ ក្រុមហ៊ុន Singapore Airlines
ជាក្រុមហ៊ុនដែលអាចផ្តល់ឱ្យការធ្វើដំណើររបស់លោកអ្នកពោរពេញដោយភាពរីករាយបំផុត ដោយសារបុគ្គលិកលើយន្តហោះត្រូវបានបង្វឹកឱ្យបំពេញតម្រូវការអតិថិជនប្រកបដោយការយកចិត្តទុកដាក់ និងការគោរពខ្ពស់បំផុត។

១៖ ក្រុមហ៊ុន Qatar Airways
ក្រុមហ៊ុននេះមានមូលដ្ឋាននៅរដ្ឋធានី Doha ទទួលបានការកោតសសើរខ្ពស់ពីអតិថិជន ដោយផ្តល់កន្លែងអង្គុយប្រកបដោយភាពងាយស្រួល ផ្តល់ការកំសាន្តយ៉ាងល្អប្រសើរបំផុត។ ក្រុមហ៊ុននេះ បានហោះហើរចំនួន១៥០គោលដៅទូទាំងសកលលោក និងមានប្រើប្រាស់យន្តហោះប្រភេទជំនាន់ថ្មីបំផុត ដែលអាចហោះហើរចម្ងាយឆ្ងាយក្នុងនោះមានដូចជាយន្តហោះ 787 Dreamliner និង Airbus A 350៕