(ត្បូងឃ្មុំ)៖ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល និងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់ក្រុមការងារផ្នែកច្បាប់ នៃគណៈយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៤ ឆ្នាំ២០១៧​។

មានមតិក្នុងឱកាសនោះ លោកតំណាងរាស្ត្របានថ្លែងនូវការកោតសសើរ អំណរអរគុណ និងការដឹងគុណចំពោះថ្នាក់ដឹកនាំ​​​ និងសមាជិក សមាជិកា គណបក្សនៅមូលដ្ឋានជាពិសេស ក្រុមការងារផ្នែកច្បាប់ទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ រួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងចំណាយពេលវេលា កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងធនធានផ្ទាល់ខ្លួនក្នុងការបំពេញតួនាទី ភារកិច្ច ស្របតាមគោលបំណង ឧត្តមគតិ និងគោលនយោបាយរបស់គណបក្ស ដើម្បីបុព្វហេតុ ឧត្តមប្រយោជន៍ជាតិ និងមាតុភូមិ។

លោកតំណាងរាស្រ្ត ក៏បានណែនាំក្រើនរំលឹកដល់សមាជិកចូលរួមទាំងអស់ ដែលសុទ្ធតែជាអ្នកបម្រើសេវាជូនប្រជា ពលរដ្ឋនៅមូលដ្ឋាន ឱ្យបន្តយកចិត្តទុកដាក់ បន្តធ្វើអំពើល្អ ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពដោយមិនគិត ពីនិន្នាការនយោបាយ ឬសាសនាអ្វីឡើយ ម៉្យាងគឺដើម្បីឆ្លើយតបទៅនឹងការផ្តល់សេចក្តីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនយើងទទួលបាននូវសម្លេងឈ្នះយ៉ាង ច្រើនសន្ធឹកសន្ធាប់។

ជាចុងក្រោយ អ្នកតំណាងរាស្ត្រ បានណែនាំឱ្យសមាជិកចូលរួមទាំងអស់បានជ្រាបថា សម្រាប់ការងារផ្នែកច្បាប់នៃគណៈយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ អាណត្តិ​ទី​៤ ឆ្នាំ២០១៧ នេះ​ យើងបានបញ្ចប់ដោយជោគជ័យ ក៏ប៉ុន្តែបេសកកម្មរបស់យើងទាំងអស់គ្នា ត្រូវតែបន្តខិតខំយកចិត្តទុកដាក់ស្វែងយល់ គោរព និងអនុវត្តនូវរាល់ច្បាប់រដ្ឋទាំងឡាយ ដើម្បីមានមូលដ្ឋានយល់ដឹងកាន់តែរឹងមាំទូលំទូលាយបន្ថែមទៀត ជាមួយគ្នានោះ ត្រូវចែករំលែកចំណេះដឹងដែលមានទៅជូនប្រជាពលរដ្ឋនៅមូលដ្ឋានដើម្បីរួមគ្នាគោរព អនុវត្តន៍ឱ្យមានប្រសិទ្ធិភាព ក្នុងគោលបំណងបញ្ជាក់ឱ្យសាធារណ:មតិជាតិ និងអន្តរជាតិ ថាយើងជានីតិរដ្ឋ ប្រជាពលរដ្ឋរស់នៅប្រកបដោយ សុខសន្តិភាព សេរីភាព យុត្តិធម៌ តម្លាភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ៕