(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៥ ខែមិថុនានេះ ចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងនូវការស្វាគមន៍ ចំពោះលទ្ធផលបោះឆ្នោតផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃនេះ និងបានកត់សម្គាល់ឃើញថា ការបោះឆ្នោតឃុំសង្កាត់លើកនេះ ទទួលបាននូវការអបអរសាទរ ពេញចិត្ត និងវាយតម្លៃខ្ពស់ពីសំណាស់អន្តរជាតិ និងបណ្តាស្ថានទូតនានាផងដែរ។
ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ត្រូវបានអន្តរជាតិ វាយតម្លៃខ្ពស់ថា បានប្រព្រឹត្តទៅក្នុង «លក្ខណៈសេរី យុត្តិធម៌ និងសម្ងាត់» ដោយ «ពុំមានសញ្ញាណាមួយ នៃការគំរាមកំហែង បង្ខិតបង្ខំ ឬអំពើហិង្សា» ឡើយ។
ជាមួយគ្នានេះ ក្រសួងការបរទេស សង្ឃឹមថា សហគមអន្តរជាតិ នឹងយកចិត្តទុកដាក់ចំពោះការវាយតម្លៃវិជ្ជមាន និងការសរសើរទាំងអស់នេះ ក្នុងការវាយតម្លៃរបស់ខ្លួនអំពើការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា។
សូមជំរាបថា លទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ចេញផ្សាយដោយ គ.ជ.ប នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហាញថា៖ គណបក្សប្រជាជនកម្ពុជាទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន១១៥៦ ចំណែកគណបក្សសង្រ្គោះជាតិទទួលបាន ចៅសង្កាត់-មេឃុំ ចំនួន៤៨៩៕